លោក វង្ស គឹមហួត ៖ ក្រុមជាង (Team Service)គឺជាចំណែកដ៏សំខាន់មួយ សម្រាប់ការប្រណាំង OFF ROAD
ភ្នំពេញ៖ លោក វង្ស គឹមហួត ប្រធានក្រុម OFF ROAD VKH និងជាសមាជិកក្រុម OFF ROAD កម្ពុជា ថ្លែងបញ្ជាក់ក្រោយបញ្ចប់ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ ថា ក្រុមកម្ពុជាទទួលបានបទពិសោធន៍ច្រើន ទាំងបច្ចេកទេសការប្រណាំង បច្ចេកទេសរៀបចំកម្លាំងរថយន្ត ការរៀបចំទីលានប្រកួត និងលក្ខខន្តិកៈ ដើម្បីយកមកចែករំលែកនៅកម្ពុជា ។
លោក វង្ស គឹមហួត បញ្ជាក់ថា ការប្រណាំងកម្រិតអន្តរជាតិលើកនេះ ក្រុមកម្ពុជា ទទួលលទ្ធផលល្អប្រសើរ កឺ៣ក្រុម ក្រុម១១៧ លេខ១៣ , ក្រុម ១១៦ លេខ២៩ និងក្រុម១១៥ លេខ២៧ ក្នុងចំណោម៣៤ក្រុម សរុប១០៤រថយន្ត មកពី៤ប្រទេស មានឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃ ជាម្ចាស់ផ្ទះ ។
លោក សមាជិកក្រុម OFF ROAD កម្ពុជារូបនេះ បន្ថែមថា ក្រុមជាង (Team Service ) គឺជាចំណែកសំខាន់មួយសម្រាប់ការប្រណាំង OFF ROAD ជាពិសេសគឺសម្រាប់រថយន្ត និងអ្នកបើកបរ ក្រៅពីនោះក៏មានឧបករណ៍ជួសជុលគ្រឿងបន្លាស់អោយគ្រប់គ្រាន់ ដើម្បីអោយភាពជឿជាក់ថា ពេលប្រកួតចប់ពីជុំនីមួយៗ យើងមានគ្រឿងសម្រាប់ប្តូរ និងជួសជុល ត្រៀមប្រនណាំងជុំបន្ទាប់ ។
ជាមួយគ្នាលោក វង្ស គឹមហួត ក៏ថ្លែងអំណរគុណដល់ក្រុមការងារជួសជុល (Team Service)ទាំងអស់ដែលបានខិតខំប្រឹងប្រែងព្យាយាមមិនថាយប់ឬថ្ងៃ ជួសជុលរថយន្ត ប្តូរគ្រឿងបន្លាស់ និងមើលថែ ដើម្បីអោយការប្រកួតនេះ ទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្តកាឆាណាក់បូរី ប្រទេសថៃ ដោយមាន៤ប្រទេសចូលរួម មានប្រទេសឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃជាម្ចាស់ផ្ទះ ក្នុងនោះកម្ពុជា បញ្ជូន៣ក្រុមចូលរួម ស្មើនិង៩រថយន្ត មានក្រុម ខេមបូ ៤×៤ និងក្រុម BM Garage និងក្រុមគោព្រៃមណ្ឌលគីរី ៕ ចាន់ វិចិត្រ



