សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ និងបានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាស ព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីបានដាក់ឈ្មោះថា «ស្ពានអាកាស គង់ សំអុល» ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ។ សម្តេចថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា រហូតពេលបច្ចុប្បន្នរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ ។ សម្តេច បានបង្ហើបថា រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯមនាពេលខាងមុខផងដែរ។ សម្ដេចបានបញ្ជាក់ជាមួយសម្ដេចក្រឡាហោង ស ខេង ឱ្យបានច្បាស់ថា អត់ទេលើកនេះ មិនមែនសិក្សាហើយឱ្យភ្នំពេញទេ។ លើកនេះ សិក្សាហើយបង្កើតក្រុង ប៉ុន្តែចំណុះឱ្យខេត្តកណ្ដាល ដើម្បីឲ្យខេត្តកណ្តាល មានប្រភពចំណូលពន្ធអាករផង។ សម្តេច បន្តថា មានអ្នកខ្លះបានលើកសំណូមពរថា បើបង្កើតទីក្រុងថ្មីនៅល្វាឯម គេសុំទៅធ្វើអភិបាលក្រុងនៅទីនោះ។ តែមិនអាចទេ គឺយើងយកអភិបាលស្រុកល្វាឯមមកធ្វើជាចៅហ្វាយក្រុងល្វាឯមនោះតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបអំពីគម្រោងនាពេលអនាគត ដោយអាចនឹងមានរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្ដាល ច្រើនជាងលទ្ធភាព នៃការធ្វើរថភ្លើងលើអាកាសដែលមានប៉ះពាល់ច្រើនដល់លំនៅឋានប្រជាពលរដ្ឋ ខណៈរថភ្លើងក្រោមដីទំនងមិនសូវមានផលប៉ះពាល់ដូចលើអាកាសឡើយ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ឥលូវនេះ តម្រូវការ នៃការធ្វើផ្លូវក្រោមដីត្រូវការហើយ ហើយរាជធានីភ្នំពេញ លទ្ធភាពដែលមានពិតប្រាកដមិនមែនរថភ្លើងលើអាកាស ដូចដែល JICA បានសិក្សា ហើយដែលជប៉ុនគ្រោងជួយ ប៉ុន្ដែបើយើងយកលុយ ១,៨០០លានដុល្លារ យកមកធ្វើរថភ្លើងលើអាកាសអត់កើតទេ វេទនាណាស់ អញ្ចឹងទេប្រហែលជម្រើសថ្ងៃក្រោយរថភ្លើងក្រោមដីវិញទេ។ សម្ដេច បានរំលឹកថា JICA របស់ជប៉ុន ធ្លាប់បានសិក្សារួចមកហើយ អំពីការធ្វើរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញ ប៉ុន្ដែដោយសារផលប៉ះពាល់ច្រើនពេក គម្រោងនេះ ត្រូវបានអាក់ខានទៅវិញ។ សម្ដេចបានបញ្ជាក់ថា ការចំណាយថវិការហូតដល់ជិត ២០០០លានដុល្លារ លើរថភ្លើងលើអាកាសសម្រាប់តែរាជធានីភ្នំពេញមួយ ហាក់មិនសមភាពនោះទេ ខណៈទីជនបទត្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នូវមានតម្រូវការស្ពានចំនួន ៣ទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ ស្ពានទាំង៣ នេះរួមមាន-ស្ពានទី១ កម្ពុជាកំពុងស្នើ និងចរចារជាមួយភាគីកូរ៉េ ដើម្បីកសាងស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំ ដោយភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វារ រួចបន្តទៅស្វាយជ្រុំ ក្នុងន័យដើម្បីជួយរំដោះចរាចរណ៍នៅជ្រោយចង្វារផងដែរ។ ស្ពានទី២ កំពុងចារចារជាមួយផាគីចិន ដើម្បីកសាងស្ពានមួយទៀត នៅតំបន់ព្រែកប្រា ដែលស្ពានគឺធ្វើធំតែម្ដង ដោយ ២គន្លងទៅ ២គន្លងមក។ ការដ្ឋាននេះ អាចនឹងបើកនៅឆ្នាំក្រោយ បើសិនជាចិនយល់ព្រមជាមួយកម្ពុជា។ ស្ពានទី៣ គឺស្ពានព្រែកតាកុយ ដើម្បីបង្វាងចរាចរណ៍នេះផ្នែកខាងទន្លេមេគង់ ។
ជាមួយគ្នានេះ សម្តេចបានឱ្យរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលនេះជាចំណុចសំខាន់ណាស់ ក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដំណាំដាំដុះ និងការប្រើប្រាស់ដី ។ សម្ដេចបន្តថា តើការធ្វើផ្លូវនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? តើការធ្វើប្រឡាយទឹកនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? ដែលនេះ យើងមិនទាន់បានរាប់បញ្ចូលទេ។ សម្តេចតេជោ បានលើកឡើងថា គិតពីខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ កម្ពុជា រកឃើញថា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា, ផ្ទៃដីវាលស្មៅជាង ៦សែនហិកតា និងផ្ទៃដីលំនៅឋានមានជាង ៣សែនហិកតា។ នៅកម្ពុជា មានព្រៃស្រោងជាង ៣លានហិកតា, ព្រៃបៃតងជាង ៣លានហិកតា, ព្រៃរបោះមានជាង ១លានហិកតា, ព្រៃលិចទឹកមានជាង ៧សែនហិកតា, ព្រៃកោងកាងមានជាង ៧ម៉ឺនហិកតា។ នៅកម្ពុជានាពេលបច្ចុប្បន្នមានកៅស៊ូជាង ៦សែនហិកតា, ស្រូវមានជាង ៤លានហិកតា, ស្វាយមានជាង ២៩ម៉ឺនហិកតា, ស្វាយចន្ទីមានជាង ២៣ម៉ឺនហិកតា, ពោតមានជាង ១៦ម៉ឺនហិកតា, អំពៅមានជាង ១៣ម៉ឺនហិកតា, ឫស្សីមានជាង ១១ម៉ឺនហិកតា, ម្រេចមានជាង ៤ម៉ឺនហិកតា, ចេកមានជាង ៣ម៉ឺនហិកតា, ដូងប្រេងមានជាង ២ម៉ឺនហិកតា, តាង៉ែនមានជាង ៣ពាន់ហិកតា, ដំណាំហូបផ្លែដទៃទៀតមានជាង ២៥ម៉ឺនហិកតា និងផ្នែកផ្សេងៗមានជិត ២លានហិកតា ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងនូវការអរគុណចំពោះការចូលរួមសហការរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក។ សម្ដេចបញ្ជាក់ថា ប្រសិនបើមិនចាកចេញ ហើយបន្តរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អង្គវត្ត នឹងត្រូវគេដកចេញពីបេតិកភ័ណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភ័ណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវ ដោយគណកម្មាបេតិកភ័ណ្ឌពិភពលោកហើយ បែជាមានសំណង់នៅទីនោះ ។ សម្ដេចបានលើកឡើងពីការបញ្ជូនឧបនាយករដ្ឋមន្ត្រី ១រូប ឱ្យទៅឈរជើងដោះស្រាយនៅទីនោះ ហើយសម្ដេច ក៏បានបញ្ជាឱ្យធ្វើផ្លូវសម្រាប់ការតាំងទីលំនៅថ្មី ប្រមាណ ១៤៤គីឡូម៉ែត្រ និងមានសាលារៀន មន្ទីរពេទ្យ គឺធ្វើនៅកន្លែងនឹង ។
ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។ សម្តេចតេជោបានមានប្រសាសន៍ថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេច បានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្ន មិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវអោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។ ទោះយ៉ាងណា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេចតេជោ បានបញ្ជាក់ពីការដាក់ចេញបទបញ្ជាចំនួនពីរ ទី១-ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី៣ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី២-ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯកនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលស្ពានអាកាស ចំនួនពីរបន្ថែមទៀតនៅថ្ងៃនេះ និងចុងបញ្ចប់សម្តេចតេជោ ក៏បានអញ្ជើញចុចប៊ូតុងបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរចាប់ពីពេលនេះតទៅ៕ ដោយ វណ្ណលុក



