គ.ជ.ប ជួបពិភាក្សាជាមួយគណបក្សនយោបាយចំនួនបួនពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)បានដឹកនាំ ក្រុមការងារដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួនបួនរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ គ.ជ.ប។

ជាការកត់សម្គាល់ជំនួបនេះបានធ្វើឡើងបន្ទាប់ពីគ.ជ.បបានទទួលសំណើរួមគ្នារបស់គណបក្សនយោបាយចំនួនបួនកាល ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារគ.ជ.បដើម្បីទទួល ជួបតំណាងគណបក្សនយោបាយចំនួន ៤ ដែលមានបំណងបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ក្នុងជំនួបនោះភាគីគណបក្សនយោបាយបានលើកឡើងចំនួន១៧ចំណុចដើម្បីកែលម្អប្រព័ន្ធបោះឆ្នោតហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗដល់ភាគីគ.ជ.បអំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាកនិងបញ្ហាខ្លះទៀតសំណូមពរឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។
ក្រោយពីបានស្តាប់ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមកភាគីគ.ជ.បបានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់និង ស្ថាប័នក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ស្ថាប័នគ.ជ.បទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែ
ប៉ុណ្ណោះ។

ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំងបួន បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយកនិងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយដើម្បីកែលម្អស្របទៅតាមច្បាប់។
កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕ដោយ៖ ពលជ័យ


