គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ និងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តកែប
ខេត្តកែប ៖ គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការអមដំណើរដោយឯកឧត្ត នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរជំនាញនានាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកែប ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅក្នុងខេត្តដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ជាពិសេសចង់ដឹងក្តាប់ការងារប្រែប្រួលអាកាសធាតុក្នុងខេត្ត ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជាធាតុចូលក្នុងការរកយន្តការដោះស្រាយឲ្យទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ងួន ប៊ៀនតំណាងរាស្ត្រមណ្ឌលខេត្តកែប និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) ៕
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជំនាញនានារួចមកឯកឧត្តម ឡូយ សុផាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជាជំនាញពាក់ព័ន្ធទាំងអស់ដែលពុះពារគ្រប់បែបយ៉ាងក្នុងការថែរក្សាព្រៃធម្មជាតិ ជាពិសេសគឺការផ្តល់នូវសេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។
ឯកឧត្តមក៍បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្ត បន្តខិតខំបន្តទៀតធ្វើយ៉ាងណាប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាឲ្យទទួលបានជោគជ័យជាពិសេសគឺត្រូវរួមគ្នាថែក្សាបរិស្ថានឲ្យបានល្អដើម្បីទាក់ទញនូវភ្ញៀវទេសចរណ៍មកកម្សាន្តនៅខេត្តកែបអោយបានច្រើន ដោយខេត្តកែបជាខេត្តមួយសំបូរទៅដោយសក្តានុពលធម្មជាតិ និងជាប៉ូលទេសចរណ៍ក្នុងតំបន់ផងដែរ។ បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាបានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់នៅតំបន់មួយចំនួននៅក្នុងខេត្តកែបដែលទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុរួមមាន :
១- ទំនប់ប៉ោហេងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២- ភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ បានទទួលរងផលប៉ះពាល់ពីរករណីគឺ ទឹកប្រៃហូចូលស្រែ (នៅចំនុចតាពីង) និងខ្យល់កន្ត្រាក់។
៣- វារីវប្បកម្ម ភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ
៤- ភូមិអំពេង ស្រុកដំណាក់ចង្អើរ ទទួលរងផលប៉ះពាល់នូវខ្យល់កន្រ្តាក់ញឹកញាប់នៅរដូវវស្សា ៕ ប្រភព ៖ រដ្ឋសភា



