គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីរកដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋខ្លួន ដែលបានវិលត្រឡប់មកគេហដ្ឋានវិញ

ខេត្តកំពង់ចាម ៖ ស្របតាមការអំពាវនាវ របស់ប្រមុខរដ្ឋាភិបាល ដែលឲ្យប្រជាពលរដ្ឋ វិលត្រលប់ទៅគេហដ្ឋានវិញ ដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលបានមកជួបជុំគ្នា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំដើម្បីរកដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋខ្លួន ដែលបានវិលត្រឡប់មកគេហដ្ឋានវិញ ដោយមានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆ្លើយតបតាមការអំពាវនាវ របស់សម្តេច អគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋ បានមកជួបជុំគ្នានៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយ ខេត្តសៀមរាប ឲ្យវិលត្រលប់ទៅផ្ទះ សម្បែង ។ ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ និងគណៈកម្មការចម្រុះខេត្តកំពង់ចាម និងសៀមរាប បានពិភាក្សាគ្នា ដើម្បីស្វែងរកវិធីដោះស្រាយ ឲ្យប្រជាពលរដ្ឋទាំងនោះ បានវិលត្រលប់ទៅផ្ទះ ឲ្យកូនក្មេង កូនចៅ ទៅបន្តសិក្សារៀនសូត្រ ជាពិសេស បងប្អូនបានវិលត្រឡប់ ទៅប្រកបរបបរកស៊ី និងទៅរស់នៅតាមស្រុកកំណើតវិញ ។

សូមជម្រាបថា បន្ទាប់ពីប្រជុំនេះទៅ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ក៏បានដឹកនាំគណៈកម្មាការចម្រុះ ខេត្តកំពង់ចាម ដាក់របៀបវារៈ ត្រួតពិនិត្យកន្លែង ដែលប្រជាពលរដ្ឋ មកស្នាក់នៅជាមួយ លោក ខឹម វាសនា ដោយបានធ្វើការសម្របសម្រួល ដល់ប្រជាពលរដ្ឋ ចេញមកខាងក្រោយ ចែកនូវអាហារ ទឹក និងមានពេទ្យ រង់ចាំព្យាបាល នាពេលដែលប្រជាពលរដ្ឋ មានបញ្ហាសុខភាព ផងដែរ ។

ជាមួយនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានឲ្យក្រុមកាងារចម្រុះខេត្តកំពង់ចាម ចាក់ខ្សែរអាត់ផ្សព្វផ្សាយ ការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋវិលត្រលប់ ទៅលំនៅដ្ឋាន និងជួយសម្របសម្រួល ដោយការរង់ចាំដឹកជញ្ជូនបងប្អូនទៅដល់ខ្នងផ្ទះរៀងៗខ្លួនវិញផងដែរ ។

ក្នុងនោះដែរ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ការចោលផ្ទះសម្បែង ចោលការងារមុខរបរ ចោលកូនចៅត្រូវសិក្សារៀនសូត្រ ដើម្បីមករស់នៅបែបនេះ មិនមែនជាការរត់គេចពីហានិភ័យនោះទេ តែកំពុងតែរត់មករកហានិភ័យទៅវិញទេ ជាពិសេស គ្រាន់តែរឿងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដ ១៩ តែមួយមុខនោះ គឺវាគ្រប់គ្រាន់នឹងប្រញាប់ចាកចេញពីទីនេះបាត់ទៅហើយ នេះមិនទាន់និយាយដល់ការចូលរួមគាំទ្រសកម្មភាពដែលត្រូវបានចាត់ទុកថា ខុសច្បាប់ទៀតផង ។ ដែលប្រការនេះ ធ្វើឲ្យខាតទាំងជីវភាព ខាតទាំងអនាគត ខាតទាំងកេរ្តិ៍ឈ្មោះមុខមាត់ សមល្មមនឹងដល់ពេលបែរងាកក្រោយ ហើយហ៊ាទទួលស្គាល់ការពិត និងវិលទៅរកផ្លូវត្រូវវិញ ។

ដោយឡែក បន្ថែមលើនោះ ក្រុមការងារខេត្តកំពង់ចាម ក៏បានផ្សព្វផ្សាយ ពន្យល់ណែនាំថា ការចុះមកទទួលបងប្អូនប្រជាពលរដ្ឋនាពេលនេះ មិនមានការបង្ខិតបង្ខំមិនឱ្យជឿលើជំនឿផ្ទាល់ខ្លួនណាមួយនោះទេ ហើយក៏មិនមានហាមឃាត់ មិនឱ្យជួបជុំខាងផ្នែកនយោបាយនោះដែរ តែអ្វីៗធ្វើឡើងត្រូវស្ថិតនៅក្នុងរង្វង់ នៃក្របខណ្ឌច្បាប់ ហើយដាច់ខាតមិនត្រូវប៉ះពាល់ ទៅដល់សន្តិសុខសណ្តាប់សង្គម និងសុវត្ថិភាពសាធារណៈឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ ដែលមកជួបជុំគ្នា ជាមួយ លោក ខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀបរាម មានចំនួនជាង ១.៥៣៣នាក់ ដែលបានចេញមកខាងក្រៅ ក្នុងនោះក៏មានប្រជាពលរដ្ឋខេត្តកំពង់ចាម មួយចំនួនផងដែរ ៕ លី ពៅ

ads banner