លោក ញឹម សុវណ្ណារ៉ូ៖ ទោះលទ្ធផលមិនដូចការរំពឹងទុក ក៏ក្រុមទាំងមូលទទួលយកពីការប្រកួតរថយន្ត OFF ROAD កម្រិតអន្តរជាតិមួយនេះ
ភ្នំពេញ៖ ទោះលទ្ធផលមិនដូចការរំពឹងទុក ក៏ក្រុមរថយន្ត OFF ROAD កម្ពុជាទាំងអស់ទទួលយកពីការខិតខំប្រឹងប្រែង ពីការប្រកួតរថយន្ត OFF ROAD គម្រប់ខួប២០ឆ្នាំ កាលពីពេលថ្មីនេះ ។ នេះជាការបញ្ជាក់របស់លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម រថយន្ត OFF ROAD កម្ពុជា ក្រោយបញ្ចប់ការប្រកួត នៅទីក្រុងកាឆាណាក់បូរី ប្រទេសថៃ ។
លោក ញឹម សុវណ្ណារ៉ូ បន្ថែមថា ក្រុមយើងជោគជ័យ ទោះបីយើងមិនបានចំណាត់ថ្នាក់ល្អ ក៏ប៉ុន្តែសម្រាប់ចំណាប់អារម្មណ៍ខ្ញុំ ការប្រកួតទាំង៣ថ្ងៃ ក្នុងចំណោម៨ជុំ នៅវគ្គផ្តាច់ព្រ័ត្រ គឺធ្វើបានល្អ ។
លោក បន្តថា យើងអាចទទួលបានចំណាត់ថ្នាក់តាមការគ្រោងទុកពីលេខ១ ដល់លេខ៥ ប្រសិនបើមិនមានបញ្ហាបច្ចេកទេសរថយន្ត ធ្វើអោយមិនបានបញ្ចប់នៅជុំទី១ បញ្ហានេះយើងក៏មិនបន្ទោសអ្នកណាទេ ដោយសារយើងមិននៅក្នុងម៉ាស៊ីនទេ ប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ក្រុម ។ សមាជិកក្រុម រថយន្ត OFF ROAD កម្ពុជារូបនេះ បានបង្ហាញអារម្មណ៍រីករាយ ចំពើការគាំទ្រពីឯកឧត្តមប្រធាន ឯកឧត្តមប្រធានកិត្តិយស និងលោកឧកញ្ញ៉ា ទៀ វិចិត្រ ដែលបានលើកទឹកចិត្ត និងឧបត្តមថវិកាផងដែរ ។
លោក ញឹម សុវណ្ណារ៉ូ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋអ្នកស្នេហាវិស័យកីឡា រថយន្ត OFF ROAD ដែលតែងតែបានផ្ញើសារសាកសួរសុខទុក្ខ ជូនពរ និងលើកទឹកចិត្តតាមរយៈបណ្តាញសង្គម និងការផ្សាយតាមផេកទាំងអស់ដល់ក្រុមរថយន្ត OFF ROAD កម្ពុជា កំពុងប្រណាំងនៅលើទឹកដីថៃ ។
លោក បន្តថា ក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា ចូលរួមប្រណាំងនាពេលនេះ គឺដើម្បីពង្រឹងបទពិសោធន៍ និងបច្ចេកទេស ដើម្បីចែករំលែកពីការប្រកួត កាកែច្នៃរថយន្តអោយស្របតាមស្តង់ដា មានសុវត្តិភាព និងការរៀបចំ ទៅកាន់បងប្អូន OFF ROAD នៅកម្ពុជា និងលើកស្ទួយវិស័យកីឡាទំនើបមួយនេះ អោយកាន់តែមានប្រជាប្រិយភាព ដើម្បីទាក់ទាញភ្ញៀវទេសរចជាតិ និងអន្តរជាតិ មកទស្សនា និងលេងកំសាន្តនៅកម្ពុជា អោយស្របតាមបាវនាទាំង៤ របស់ក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា គឺកីឡា បរិស្ថាន ទេសរចណ៍ និងការងារមនុស្សធម៌ ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្តកាឆាណាក់បូរី ប្រទេសថៃ ដោយមាន៤ប្រទេសចូលរួម មានប្រទេសឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃជាម្ចាស់ផ្ទះ ក្នុងនោះកម្ពុជា បញ្ជូន៣ក្រុមចូលរួម ស្មើនិង៩រថយន្ត មានក្រុម ខេមបូ ៤×៤ និងក្រុម BM Garage និងក្រុមគោព្រៃមណ្ឌលគីរី ៕ ចាន់ វិចិត្រ



