លោក ពូទីន នឹងមិនចូលរួមពីបុណ្យបូជាសពរបស់អតីតថ្នាក់ដឹកនាំរុស្ស៊ី ហ្គ័របាឆូវ
ពិធីបូជាសពអតីតមេដឹកនាំសហភាពសូវៀត លោក មីខាអ៊ីល ហ្គ័របាឆូវ គ្រោងប្រារព្ធរៀបចំ នៅថ្ងៃសៅរ៍ ទី០៣កញ្ញា។ ក៏ប៉ុន្តែ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមពីធីបុណ្យរំលាយសាកសពនេះទេ ពីព្រោះ«កាលវិភាគកិច្ចការងាររបស់លោកប្រមុខរដ្ឋរុស្ស៊ីរវល់មមាញឹកខ្លាំងពេក ដកឃ្លាពុំរួច»។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង និងបានបញ្ជាក់បន្ថែមថា លោក ពូទីន បានអញ្ជើញរួចហើយ ទៅគោរពវិញ្ញាណក្ខន្ធសពរបស់លោក ហ្គ័របាឆូវ ដល់មន្ទីរពេទ្យដោយផ្ទាល់ ដើម្បីដាក់កម្រងផ្កាក្បែរមឈូស។
ហ្គ័របាឆូវ គឺជាអតីតមេដឹកនាំរុស្ស៊ីនាំអំលុងទសវត្សរ៍១៩៨០។ ក្នុងវ័យ៩១ឆ្នាំ លោកបានទទួលអនិច្ចកម្មនៅជន្មាយុ៩១ឆ្នាំ កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា។ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃពុធ លោក ពូទីន ចេញសារលិខិតរំលែកទុក្ខ ដែលហាក់ដូចជា «ថ្លឹងថ្លែងពាក្យសម្តីណាស់»។ លោកបានលើកឡើងក្នុងន័យសេចក្តីថា «ការរឮកចង់ចាំពីអតីតមេដឹកនាំ ហ្គ័របាឆូវ គឺលោកបានជះឥទ្ធិពលយ៉ាងធំសម្បើមចំពោះប្រវត្តិសាស្ត្រពិភពលោក ហើយលោកបាននាំប្រទេសរុស្ស៊ីឆ្លងកាត់សម័យកាលផ្លាស់ប្តូរមួយ ដ៏ស្មុគស្មាញ ដ៏ទុក្ខសោក រួមទាំងឧបសគ្គលំបាកធំធេង»។
ជាក់ស្តែងទៅ ពិធីបូជាសព ហ្គ័របាឆូវ អតីតថ្នាក់ដឹកនាំកំពូលប្រទេសរុស្ស៊ី ដោយគ្មានវត្តមានរបស់ប្រធានាធិបតី ពូទីន គឺអាចផ្តល់ជាគំនិតសម្រាប់ការបកស្រាយច្រើនយ៉ាងប្រការ។ គំនិតដែលគេគិតដល់ជាដំបូង គឺថា អាជ្ញាធររុស្ស៊ីសព្វថ្ងៃ ចង់រក្សាទុកតួអង្គនយោបាយចុងក្រោយនៃសហភាពសូវៀត ឲ្យនៅតែក្នុងសៀវភៅប្រវត្តិសាស្ត្រទៅចុះ។ ពីព្រោះដ្បិតថា មរតកដែលបន្សល់ទុកពី ហ្គ័របាឆូវ គឺនាំឲ្យរុស្ស៊ីជួបភាពចម្រូងចម្រាស់មិនតិចទេ។ ចម្រូងចម្រាស់ដ្បិតថា រុស្ស៊ីសព្វថ្ងៃខុសប្លែកពីជំនាន់របស់លោក ហ្គ័របាឆូវ។ ក្នុងរជ្ជកាលនៃ ហ្គ័របាឆូវ គឺសេរីភាពបញ្ចេញមតិត្រូវបើកទូលាយ ហើយអ្នកទោសមនសិការ ត្រូវដោះលែងឲ្យមានសេរីភាព ចាកចេញពីមន្ទីរឃុំឃាំងពន្ធនាគារ។
លោក ហ្គ័របាឆូវ ជាអគ្គលេខាធិការបក្សកុម្មុយនិស្តសហភាពសូវៀត និង ជាអ្នកផ្តួចផ្តើមគំនិតស្តារស្រោចស្រង់សេដ្ឋកិច្ចនិងនយោបាយសហភាពសូវៀត តាមរយៈកំណែទម្រង់ «បេរេស្ត្រុយកា»។ កំណែទម្រង់នេះ មិនជោគជ័យទេ និងបានធ្វើឱ្យសហភាពសូវៀតដួលរលំ ទៀតផង។ វិបត្តិសេដ្ឋកិច្ច ក៏កាន់តែធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ តួនាទីសូវៀតក្នុងឆាកអន្តរជាតិ ក៏ត្រូវចុះទន់ខ្សោយ និងលែងជាមហាអំណាច។ បរាជ័យក្នុងការអនុវត្ត «ប៉េរេស្ត្រយកា» គឺបានធ្វើឱ្យ ហ្គ័របាឆូវ ត្រូវពលរដ្ឋសូវៀតជាច្រើនដាក់ងារថា ជា «ជនក្បត់ជាតិ» និងជា «សត្រូវរបស់ប្រជាជន»។
ផ្ទុយទៅវិញ សម្រាប់បស្ចិមប្រទេស គឺថ្នាក់ដឹកនាំប្រទេសដែលជាតំណាងលោកសេរីនិយម បានជួយជ្រោមជ្រែកបេក្ខភាពរបស់លោក មីខាអ៊ីល ហ្គ័របាឆូវ ឲ្យបានទទួលពានរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ១៩៩០។ ការទទួលជ័យលាភីរង្វាន់លំដាប់ពិភពលោកនេះ ក៏ដោយសារតែលោក ហ្គ័របាឆូវ បានរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយជម្លោះបង្ហូរឈាមនិងការប្រឈមមុខដាក់គ្នា រវាងប្រទេសសេរី និងរដ្ឋសង្គមនិយម៕