អង្គទូត និងក្រុមគ្រួសារពីប្រទេសថៃធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី២ នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

បន្ទាយមានជ័យ ៖ ឯកអគ្គរាជទូត អគ្គរដ្ឋទូតដែលជាអង្គទូតប្រទេស ៣០ប្លាយប្រចាំនៅប្រទេសថៃ និងក្រុមគ្រួសារ បានធ្វើដំណើរតាមរថយន្តទស្សនកិច្ចសិក្សាលើកទី២របស់ខ្លួនទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបចាប់ពីថ្ងៃទី ០១-០៤ ខែកញ្ញា ឆ្នាំ២០២២ ។

ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតកាលពីជិតថ្ងៃត្រង់ទី០១ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូអង្គទូតបរទេសនិងក្រុមគ្រួសារត្រូវបានស្វាគមន៍ រាក់ទាក់ដ៏កក់ក្តៅ និងរៀបចំពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នៃកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី (Grand Diamond City Casino ) នាក្រុងប៉ោយប៉ែត ដែលរៀបចំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ខេត្ត មន្ត្រីថ្នាក់ដឹកនាំស៊ីវិល កងកម្លាំងប្រដាប់អាវុធ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អភិបាលក្រុងប៉ោយប៉ែតនិងសហការី ។

ឯកឧត្ដម អ៊ុ រាត្រី បានបង្ហាញពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជាមួយនិងការទាក់ទាញការចាប់អារម្មណ៍ដើម្បីឱ្យអង្គទូតពាំនាំព័ត៌មានទៅប្រាប់អ្នកវិនិយោគ ធុរជន នៃប្រទេសរបស់ផងខ្លួនឱ្យមកពិនិត្យ សិក្សា និងចាប់ឱកាសបណ្តាក់ទុនរកស៊ី ហើយក៏ប្រាប់ទៅពលរដ្ឋរបស់ប្រទេសទាំងនោះមកទស្សនាប្រទេសកម្ពុជាផងដែរ ។

សូមបញ្ចាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា កូឡុំបូ អេហ្សីប ហ្វាំងឡង់ឥណ្ឌូណេស៊ី.ហ្កាតេម៉ាឡា កូរ៉េខាងត្បូង ម៉ាល់ឌីវ ម៉ិចស៊ិចកូ នេប៉ាល់ ញូហ្សេឡែន ប៉ូឡូញ អាហ្វ្រិចខាងត្បូង ថៃឡង់ដ៍ជាដើម ។ កម្មវិធីនេះសហការរៀបចំដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អាស៊ាន កម្ពុជា ២០២២ និងក្រុមសម្របសម្រួលការទូតនៃMFAIC ។

តមកប្រតិភូអង្គទូតនិងក្រុមគ្រួសារបានទៅទស្សនកិច្ចសិក្សានៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត-ទល់មុខច្រកបានណងអៀន ស្រុកអារញ្ញាប្រាថេត ។

ឯកឧត្ដម អ៊ុ រាត្រី និងមន្ត្រីបានស្វាគមន៍និងធ្វើមគ្គុទេសក៍ថា ស្ពានមិត្តភាពកម្ពុជា ថៃ (ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន)នេះត្រួវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃអញ្ជើញចាក់បេតុងតំណភ្ជាប់ស្ពានឆ្លងព្រំដែន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។

ឯកឧត្ដម ធ្វើបទបង្ហាញអំពីសក្តានុពលខេត្ត ដែលសង្ឃឹមថា នឹងទទួលបានការវិនិយោគពីបរទេសមកកាន់ខេត្តនេះ ក៏ដូចជាលំហូរភ្ញៀវទេសចរមកទស្សនាខេត្តនិងប្រទេសកម្ពុជាច្រើនឡើង ។

ចំណែកប្រតិភូអង្គទូតបានថ្លែងអំណរគុណ ព្រមទាំងសន្យាថា នឹងពាំនាំយកនូវអ្វីដែលពួកគាត់បានទទួលសណ្តាប់ និងបានឃើញផ្ទាល់នេះ ទៅពន្យល់ដល់អ្នកវិនិយោគ ធុរជន របស់ប្រទេសខ្លួនមកបណ្តាក់ទុននៅខេត្តនេះនិងបណ្តាខេត្ត រាជធានីនៃប្រទេសកម្ពុជា ៕ដោយ៖ឃិន គន្ធា

ads banner