ឯកអគ្គរាជទូតតំណាងសន្និសីទ UN បញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ
ភ្នំពេញ៖ ទូតតំណាងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា៖ ខ្លួននឹងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ ។
នេះជាការបញ្ជាក់របស់ឯកឧត្ដម Ken O’Flaherty ឯកអគ្គរាជទូតតំណាងសន្និសីទអង្គការសហប្រជាជាតិ ក្នុងឱកាសដែលឯកឧត្ដម និងមន្ត្រីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ ឯកឧត្តម Ken O’Flaherty បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង ស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការរួមចំណែកនៅក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។
ក្នុងនាមឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម សុំ សន្និសិទ្ធ បានស្វាគមន៍ចំពោះការរឹតចំណងសហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក ក្នុងនោះក៏បានបញ្ជាក់ពីការគាំទ្រក្នុងកិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ ។
ឯកឧត្តម សុំ សន្និសិទ្ធ ក៏បានបញ្ជាក់ដែរថា៖ គិតចាប់តាំងពីឆ្នាំ២០១៦មក ធនាគារជាតិនៃកម្ពុជា បានអនុម័តគោលការណ៍របស់វិស័យធនាគារ សម្រាប់ការផ្តល់ឥណទានប្រកបដោយចីរភាព សង្គមនិងបរិស្ថាន ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ចូលរួមអនុវត្តឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។
ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុក្នុងស្ថាប័នអន្តរជាតិនិងគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ បណ្តាញធនាគារកណ្តាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធ ហិរញ្ញវត្ថុបៃតង (The Network of Central Banks and Supervisors for Greening the Financial System -NFGS) និងសមាជិកក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) ផងដែរ ។
ជាមួយនេះដែរធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) ស្ថានទូតអង់គ្លេស សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀតធនាគារជាតិនៃកម្ពុជាក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតងទៀតផង ៕ ដោយ វ៉េង លីមហួត



