ព្រឹកនេះ ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ៩០គ្រួសារទៀត បានចាប់ឆ្នោតយកដីឡូតិ៍នៅតំបន់រុនតាឯក
សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ប្រមាណ ៩០គ្រួសារ បន្ថែមទៀត បានទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅតំបន់រុនតាឯក។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលកន្លងមក ការចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯកនេះ មានពលរដ្ឋស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារហើយ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕ សេឌី


