អតីតមេដឹកនាំស្រីលង្កាដែលនិរទេសខ្លួនចេញក្រៅប្រទេសនឹងវិលចូលស្រុកវិញថ្ងៃសុក្រនេះ
អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) រំពឹងថានឹងវិលចូលស្រុកវិញនាថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកផ្សេងៗ ដែលស្រង់សម្ដីប្រភពដែលស្និទ្ធនឹងលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកញ្ញា ម្សិលមិញ។
ប្រភពអះអាងដោយមិនបញ្ចេញឈ្មោះ បង្ហើបប្រាប់ថា លោក រ៉ាចាប៉ាកសា ដែលនិរទេសខ្លួនចេញក្រៅប្រទេសបន្ទាប់ពីមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នឹងត្រូវស្នាក់ក្នុងផ្ទះក្នុងរដ្ឋធានីកូឡុំបូ តាមការចាត់ចែងរបស់រដ្ឋាភិបាលស្រីលង្កា។
យ៉ាងណាមិញ ការិយាល័យរបស់ប្រធានាធិបតីថ្មី លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ (Ranil Wickremesinghe) មិនទាន់បកស្រាយយ៉ាងណានៅឡើយទេ ជុំវិញដំណឹងនៃការធ្វើមាតុភូមិនិវត្តន៍របស់ លោក រ៉ាចាប៉ាកសា នេះ។ ប៉ុន្តែសារព័ត៌មានផ្សេងៗធ្លាប់រាយការណ៍ថា លោក វីគ្រីមេស៊ីងហ្កេ ជាអ្នករៀបចំការវិលត្រឡប់នេះ តាមការស្នើសុំរបស់គណបក្ស Sri Lanka Podujana Peramuna ដែលជាបក្សលោក រ៉ាចាប៉ាកសា។
នាពេលនេះ លោក រ៉ាចាប៉ាកសា កំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោកបានភៀសខ្លួនចេញពីស្រីលង្កាទៅកោះម៉ាល់ឌីវ រួចបន្តទៅសិង្ហបុរី នៅថ្ងៃទី ១៣ កក្កដា បន្ទាប់ពីក្រុមបាតុករ ដែលធ្វើការតវ៉ាទាមទាររាប់ខែ ឱ្យលោកចុះចេញពីដំណែង ហើយថែមទាំងបានសម្រុកចូលវិមានរបស់ប្រធានាធិបតីរូបនេះទៀតផង។
ការវិលចូលស្រុករបស់លោក រ៉ាចាប៉ាកសា បង្ហាញថា លោកប្រធានាធិបតី វីគ្រីមេស៊ីងហ្កេ អាចរក្សាសណ្តាប់ធ្នាប់របស់ប្រទេសបាន ក្រោយពីមានភាពចលាចលរាប់ខែ ពីក្រុមបាតុករ។ ក្រុមបាតុករ ដែលចោទថា លោក រ៉ាចាប៉ាកសា ដឹកនាំសេដ្ឋកិច្ចប្រទេសលើផ្លូវខុស ដែលបង្កើតឱ្យប្រទេសមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីប្រទេសស្រីលង្កាទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨មក៕ហួន ឌីណា
ប្រភព៖ Bloomberg
