កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀតប្រវែង ៤,៤០០ម៉ែត្រ ក្នុងស្រុកស៊ីធរកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ
ខេត្តព្រៃវែង ៖ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានដឹកនាំមន្ទីរអង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែរទៀតប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់នឹងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជា សម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។ ហេតុនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាការពារ មេភូមិ មេឃុំ ជួយថែរក្សាការពារផ្លូវ DBST និងផ្លូវបេតុងនេះទាំងអស់គ្នា ដើម្បីឱ្យផ្លូវនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ៕ដោយ-រ៉ាវុធ



