ចិន-រុស្ស៊ីជាអ្នកដើរតួនាទីសំខាន់ក្នុងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងកំពូលមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភាពស្ទាក់ស្ទើររបស់ចិន និងរុស្ស៊ីក្នុងការពង្រឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង គឺជា “បញ្ហាប្រឈមដ៏ធំបំផុត” ដែលប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក សិន ប៉មឆុល បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP ថា ចិន និងរុស្ស៊ី ដែលប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង និងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកនោះ បានវេតូរួចហើយចំពោះការប៉ុនប៉ងដែលដឹកនាំដោយអាមេរិក ដើម្បីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងជុំវិញការសាកល្បងមីស៊ីលរបស់ខ្លួននៅឆ្នាំនេះ។

ប្រការនោះនឹងធ្វើឱ្យមានការព្រួយបារម្មណ៍ថា កូរ៉េខាងជើងនឹងរួចផុតពីការដាក់ទណ្ឌកម្ម បើទោះបីជាខ្លួនអនុវត្តការបង្កហេតុធំជាងនេះ ដូចជាការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា ទោះបីជាកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរបន្ថែមក៏ដោយ ក៏មិនអាចមានការដាក់ទណ្ឌកម្មបន្ថែមណាមួយ នឹងត្រូវបានអនុម័តនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែការប្រជែងគ្នាជាយុទ្ធសាស្ត្ររវាងអាមេរិក-ចិន និងភាពតានតឹងរវាងអាមេរិក-រុស្ស៊ីជុំវិញសង្រ្គាមអ៊ុយក្រែន។

លោកថា ខ្ញុំគិតថា នោះគឺជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងរបបប្រឆាំងការសាយភាយនុយក្លេអ៊ែរអន្តរជាតិ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner