កម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិប្រជាជនរបស់អង្គការ សហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Sandra Bernk lau និងអះអាងពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកស្រី និងក្រុមការងាររបស់លោកស្រី សម្រាប់កិច្ចការសំខាន់នៃ UNFPA ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកម្មវិធីប្រចាំប្រទេស (Country Prog rammes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែលបានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងបានថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការគ្រួសារ ការអប់រំផ្នែកសុខ-ភាពបន្តពូជ និងការកាត់បន្ថយហឹង្សាប្រឆាំងស្រ្តី ជាពិសេសក្នុងការផ្តល់ជំនួយដល់ស្រ្តី និងយុវតីដែលងាយរងគ្រោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និងជំនួយនានា ដែលបានផ្តល់ដោយ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រា មរណៈមាតាជិត ២/៣ ដែលនេះជាសមិទ្ធិផលដ៏ធំមួយ ដែលមានតែ ៩ ប្រទេសប៉ុណ្ណោះ រួមទាំងកម្ពុជាផង បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោចណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង ២០១៥ ។
លោកស្រី Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចឱ្យបាននូវគោលដៅ «៣សូន្យត្រឹមឆ្នាំ ២០៣០ » (គ្មានហឹង្សា ឬការធ្វើបាបស្រ្តីនិង កុមារី គ្មានឧបសគ្គ ចំពោះតម្រូវការពន្យារកំណើត និងគ្មានមរណៈមាតាដែលអាចបង្ការបាន) ។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះការណែនាំទម្រង់ទិស និងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការបង្កើតគណៈកម្មាធិការ ពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។ លោកស្រីបានរំពឹងទុកថា វត្តមាន និងបទ ពិសោធន៍ របស់លោកស្រី នឹងអាចពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកស្រី Sandra Bernklau បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNFPA ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការដ៏ល្អបន្ថែមទៀត៕ ដោយ សួង ពិសិដ្ឋ

