បោះឆ្នោត៖ សង្គមស៊ីវិលថាជារឿងល្អបើ គ.ជ.ប ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់
ភ្នំពេញ៖លោក សម គន្ធាមី ប្រធានអង្គការនិកហ្វិក ដែលធ្វើការងារទាក់ទងការបោះឆ្នោត លើកឡើងនៅថ្ងៃទី២កញ្ញាថា វាជារឿងល្អបើសិន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់ ឆ្នាំ១៩៩៣ ដើម្បីបើកផ្លូវឲ្យគណបក្សតូចៗ មានតំណាងរបស់ខ្លួន នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ លោកថា ប្រសិនបើធ្វើបានដូចជំនាន់អ៊ុនតាក់ នោះវាអំណោយផលទៅគណបក្សតូចៗ ប៉ុន្តែដើម្បីធ្វើវាបាន គឺទាល់តែមានការធ្វើវិសោធកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជាមុនសិន។
ការលើកឡើងរបស់លោក សម គន្ធាមី យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមគណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើ គ.ជ.ប ឲ្យពិចារណាប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់ឆ្នាំ១៩៩៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែត ស្ដីពីលទ្ធផលក្រោយជំនួបជាមួយតំណាង គ.ជ.ប ថា៖ «ក្នុងចំណោមការស្នើសុំ១៦ចំណុចដែលយើងជួបជាមួយតំណាង គ.ជ.ប យើងបានស្នើឲ្យ គ.ជ.ប ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់ឆ្នាំ១៩៩៣។ កាលហ្នុងគេយកសំណល់ធំបំផុត តែឥលូវបែរជាគេយកសំណល់មធ្យមភាគខ្ពស់បំផុតទៅវិញ។ ដូច្នេះ បើគេយកសំណល់ធំបំផុត មកចែកជាមួយអាសនៈ វាអាចផ្ដល់លទ្ធភាពឲ្យគណបក្សនយោបាយតូចៗ មានតំណាងរបស់ខ្លួននៅតាមភូមិសង្កាត់ ថ្នាក់ជាតិ ថ្នាក់សភាជាដើម…។ តែបើអនុវត្តរូបមន្តចែកអាសនៈ ដោយយកសំណល់មធ្យមភាគខ្ពស់បំផុតមកចែក នោះគណបក្សតូចៗ គ្មានតំណាងខ្លួនឡើយ។»
បើតាមអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ប្រសិនបើគ្មានតំណាងគណបក្សតូចៗ នៅមូលដ្ឋានឬថ្នាក់ជាតិទេ វានឹងធ្វើឲ្យលំហប្រជាធិបតេយ្យមានភាពចង្អៀត។ «ចំពោះសំណើនេះ គ.ជ.ប បានឆ្លើយតបមកយើងភ្លាមៗថា គេមិនទទួលយកសំណើរបស់យើងនេះ យកទៅពិចារណាឡើយ ព្រោះការបែងចែករូបមន្តបែងចែកអាសនៈ វាជាការកំណត់របស់ស្ថាប័នផ្សេង ។»
បន្ថែមលើនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា បើសភាធ្វើវិសោធកម្មច្បាប់ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប នឹងអនុវត្តតាម។ លោកបន្តថា«រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់ គឺរូបមន្តសល់ផ្ដល់ឲ្យគណបក្សតូចតាច តែរូបមន្តយើងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺសំណល់ដែលចែកទៅសល់ ត្រូវផ្ដល់ទៅឲ្យគណបក្សដែលមានអាសនៈច្រើនស្រាប់។»
សូមជម្រាបជូនថា ផ្អែកតាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក មានគណបក្សនយោបាយចំនួន៩គណបក្ស ក្នុងចំណោមគណបក្សទាំង១៧ ទទួលបានអាសនៈ ជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់។ គណបក្សប្រជាជនកម្ពុជា ទទួលបាន៩ ៣៧៦អាសនៈ, គណបក្សភ្លើងទៀន ទទួលបាន២ ១៩៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ, គណបក្សខ្មែររួបរួមជាតិ ទទួលបាន១៣អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ, គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន៥អាសនៈ, គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ ក្នុងពេលដែលគណបក្សកម្ពុជានិយម និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈដូចគ្នា៕
ដោយ៖អេង រាជនី
ចំនងជើង៖ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប(រូបថតគ.ជ.ប)



