តើ​ប្រទេស​ចិន​អាច​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឆាប់ៗ​?

ចិន៖អត្រា​អាពាហ៍ពិពាហ៍​នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ខ្លាំង​មិនធ្លាប់​មាន​ទាល់​តែ​សោះ​ក្នុង​ឆ្នាំ ២០២១​។ នេះ​បើ​យោង​តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងកិច្ចការ​ស៊ីវិល​ចិន​។ យុវជនវ័យក្មេង​ចិន​សម្រេច​ជ្រើសរើស​នៅ​លីវ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារម្ភ​ថា​ ប្រទេស​នេះ​អាច​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឆាប់ៗ។

យោងតាមទិន្នន័យផ្លូវការអត្រា​អាពាហ៍ពិពាហ៍​ចំនួន​ ៧,៦ លាន​ ត្រូវ​បាន​ចុះ​បញ្ជី​នៅក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ២០២១​។ អត្រានេះ ធ្លាក់​ចុះ​ ៦,១ភាគរយ ពី​ឆ្នាំ​ ២០២០ ហើយជា​ចំនួន​ទាបបំផុត​នៅក្នុង​កំណត់ត្រា​ រាប់ចាប់តាំងពី​អាជ្ញាធរចិនចាប់ផ្តើម​បញ្ចេញតួលេខ​អាពាហ៍ពិពាហ៍​ជា​សាធារណៈនា​ឆ្នាំ​ ១៩៨៥​មក​។ ចំនួន​អាពាហ៍ពិពាហ៍​ក្នុងមនុស្ស​ ១ ០០០​នាក់​ បាន​ធ្លាក់ចុះមក​ត្រឹម​ ៥,៤ ដែល​ជា​កម្រិតទាបថ្មី​ និង​ធ្លាក់ចុះ​ចំនួនជិត​ពាក់​កណ្តាល​បើធៀបនឹងឆ្នាំ​ ២០១១​ ដែល​មាន​ចំនួន​ ៩,៧ភាគរយ​។

ប្រជាជនចិនកាន់តែច្រើនចង់នៅលីវយឹតយូរក្នុងការរៀបអាពាហ៍ពិពាហ៍

ពលរដ្ឋ​ចិន​ជាច្រើន​ កំពុង​តែ​ពន្យារ​ពេល​រៀបការ​ ហើយ​ប្រមាណ​ពាក់កណ្តាល​នៃ​អ្នក​ដែល​បាន​រៀបការ​កាល​ពី​ឆ្នាំទៅមិញ​សុទ្ធតែ​ជាក្រុម​មនុស្ស​ដែល​មាន​អាយុ​ ៣០ ឆ្នាំ​ឡើងទៅ​។ រយៈពេល​ជាច្រើនទសវត្សរ៍មកហើយ​ដែល​សេដ្ឋកិច្ច​ចិន​ពឹងផ្អែក​លើប្រជាជនសកម្ម​ដ៏ច្រើនរបស់ខ្លួន​ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច​។

បច្ចុប្បន្ននេះ​ដោយសារ​ប្រជាជនវ័យក្មេងចិន​ជាច្រើនកាន់តែ​ពន្យាពេលរៀបការ​ ឬ​បដិសេធការរៀបអាពាហ៍ពិពាហ៍​និងការ​មានកូនទាំងស្រុង​ រដ្ឋាភិបាលក្រុង​ប៉េកាំង​កំពុងកើនចិត្ត​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​លើ​កម្លាំងការងារ​ដែល​ធ្លាក់ចុះ​រួចទៅហើយ​ ចំពេលដែល​សេដ្ឋកិច្ចចិន​ធ្លាក់​ចុះ​ខ្លាំង​។

យោងតាម​ការ​ព្យាករណ៍​របស់​អង្គការ​សហប្រជាជាតិ​ ប្រជាជន​សកម្មចិន​ចំនួន​ជិត​មួយពាន់លាននាក់​ ដែលជា​កាតាលីករ​ជួយរុញច្រាន​សេដ្ឋកិច្ចចិន​ឲ្យកើនឡើង​ក្នុង​រយៈពេល​បួនទសវត្សរ៍ចុងក្រោយនេះ​ នឹង​ចាប់​ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័សនៅក្នុងទសវត្សរ៍ឆ្នាំ​ ២០៣០​ ហើយនឹង​ធ្លាក់ចុះជិត​ ២ភាគ៣ នៅចុង​សតវត្សរ៍នេះ​។

គោលនយោបាយ​កូន​តែ​មួយ​របស់​ចិន​ដែល​ចាប់​អនុវត្ត​ពី​ឆ្នាំ​ ១៩៧៩ ដល់ឆ្នាំ​ ២០១៥ ត្រូវ​គេ​មើល​ឃើញថា​ជាកត្តារួមចំណែក​ធ្វើឲ្យ​ធ្លាក់ចុះ​នូវ​ចំនួន​អ្នករៀប​អាពាហ៍ពិពាហ៍​ និងការ​បង្ក​កំណើត​កូន​។ ចំនួន​ប្រជាជនចិន​អាយុ​ចន្លោះពី​ ២០ ទៅ ៥០ឆ្នាំ​ បានធ្លាក់ចុះមកត្រឹម​ ៥៩៧លាននាក់​ក្នុង​ឆ្នាំ​ ២០២០ ពី ៦៧៤​លាននាក់​កាលពីមួយ​ទសវត្សរ៍មុន​។

ប្រជាជនចិន​កាន់តែ​ច្រើន កំ​ពុងពន្យារ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​និងយកកូន​ ស្រប​តាម​និន្នាការ​ដែល​បាន​និង​កំពុង​កើតឡើង​នៅ​ក្នុង​បណ្តាប្រទេសផ្សេងៗទៀត​នៅ​ជុំវិញពិភពលោក​ ព្រោះ​តែ​តម្លៃ​នៃការ​ចិញ្ចឹម​កូនកើនឡើង​ កត្តា​ការងារមិន​ស្ថិតស្ថេរ​ និង​ភាពស្រពេច​ស្រពិល​នៃជំងឺ​រាតត្បាត​ពិភពលោក​ជាដើម​។ល។

ដើម្បី​ដោះស្រាយ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​ រដ្ឋាភិបាលចិន​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ថ្មី​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន​ឱ្យ​រៀប​ការ និង​មាន​កូន​បន្ថែម​ទៀត ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​គ្រួសារ​មាន​កូន​បី​នាក់ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​មាន​កូនច្រើន​៕

ដោយ៖លី លីយ៉ា

ads banner