តុលាការរបបយោធាភូមាសម្រេចកាត់ទោសលោកស្រីស៊ូជី ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទក្លែងបន្លំការបោះឆ្នោត
មីយ៉ាន់ម៉ា៖នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២២នេះ តុលាការរបបសឹកយោធាភូមា បានសម្រេចកាត់ទោស លោកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ពន្ធនាគារបន្ថែមចំនួនបីឆ្នាំ ពីបទក្លែងបន្លំការបោះឆ្នោត។ គិតត្រឹមពេលនេះ ទាំងបទឧក្រិដ្ឋចាស់និងបទឧក្រិដ្ឋថ្មី លោកស្រី អ៊ុង សានស៊ូជី ត្រូវបានតុលាការយោធាភូមា សម្រេចដាក់ពន្ធនាគារ គិតជាសរុបមិនក្រោម ២០ឆ្នាំនោះឡើយ។ ហើយដូចគ្នាទៅនឹងដំណើរការកាត់ក្ដីកាលពីពេលមុនៗដែរ ដំណើរការកាត់ក្តីលោកស្រី អ៊ុងសាន ស៊ូជី លើកនេះ ធ្វើឡើងដោយបិទទ្វារ។
គួរបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានរបបសឹកចាប់ខ្លួន ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១មកនោះ ត្រូវរងនូវការចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានការចោទការក្លែងបន្លំសន្លឹកឆ្នោត ប្រព្រឹត្តអំពើពុករលួយ និងការបំពានការងារសម្ងាត់ផ្លូវការរបស់រដ្ឋ។
គិតមកត្រឹមពេលនេះ លោកស្រីតំណាងឱ្យមាតាប្រជាធិបតេយ្យនៅភូមារូបនេះ ត្រូវបានតុលាការរបបសឹកសម្រេចឱ្យជាប់ពិរុទ្ធចំពោះបទល្មើសជាច្រើនរួចមកហើយ ដែលត្រូវបានផ្តន្ទាទោស គិតជាសរុបប្រមាណ២០ឆ្នាំ។ នេះនៅមិនទាន់រាប់បញ្ចូលបទល្មើសមួយចំនួនផ្សេងទៀត ដែលនៅមិនទាន់ត្រូវបានជំនុំជម្រះចប់សព្វគ្រប់ផង។ តែយ៉ាងណាមិញ មេធាវីការពារក្តីលោកស្រី អ៊ុង សានស៊ូជី បានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងអស់មកលើកូនក្តីខ្លួន។
ទាក់ទងនឹងសំណុំរឿងលោកស្រី អ៊ុង សានស៊ូជី នេះ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ ប្រមុខដឹកនាំរបបយោធាបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីលទ្ធភាពចរចាបញ្ចប់វិបត្តិនយោបាយនៅភូមា ជាមួយលោក អ៊ុង សានស៊ូជី។ តែការចរចានោះ កើតឡើងបាន ដរាបណាដំណើរការជំនុំជម្រះលើសំណុំរឿងលោកស្រីនៅតុលាការត្រូវបិទបញ្ចប់ជាមុនសិន។ ក្នុងលក្ខខណ្ឌនេះដែរ លោកស្រី អ៊ុង សានស៊ូជី ក៏នឹងអាចត្រូវបានរបបយោធាពិចារណាបញ្ជូនចេញពីពន្ធនាគារឱ្យទៅជាប់ឃុំនៅក្នុងផ្ទះវិញដែរ។ លោកប្រមុខដឹកនាំយោធាបានលើកឡើងទៀតថា វិបត្តិនយោបាយនៅភូមា អាចដោះស្រាយបាន ក៏អាស្រ័យផងដែរ ទៅលើជំហររបស់លោកស្រី ចំពោះការចរចានេះ៕
ដោយ៖បណ្តូល ពេជ្រ