តតាំងក្តីនៅបារាំង៖ លោក សម រង្ស៊ី ព្យាយាមពន្យល់ពីស្ថានភាពនយោបាយកម្ពុជា ខណៈមេធាវីសម្តេចេជោ ហ៊ុន សែន សួររកតឹងតាងនៃការចោទប្រកាន់
ភ្នំពេញ៖តុលាការបារាំង នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ បានបើកការស្តាប់ក្តីនៃសំណុំរឿងរវាងលោក សម រង្ស៊ី និងលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាបណ្តឹងដែលសម្តេចេ ហ៊ុន សែន ប្តឹងទៅតុលាការបារាំងកាលពីឆ្នាំ២០១៩ ក្រោយលោក សម រង្ស៊ី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សនៅពីក្រោយការស្លាប់របស់ លោក ជា វិជ្ជា ប្រធានសហជីព និងលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ ជាងប្រាំម៉ោងក្នុងសវនាការលោក សម រង្ស៊ី បានព្យាយាមបង្វែស្ថានការណ៍ដោយលើកនិយាយពីបរិបទនយោបាយកម្ពុជានាខណៈមេធាវីសម្តេចតេជោ ហ៊ុន សែន ទាមទាររកភស្តុតាងរឹងមាំនៃការចោទប្រកាន់។
គួរជ្រាបថា នៅក្នុងសំណុំរឿងប្ដឹងផ្ដល់ដល់តុលាការស្រុកបារាំងនេះ គេត្រូវរង់ចាំរហូតដល់ទៅបីឆ្នាំ ទម្រាំតុលាការបារាំងបានបើកសវនាការនៅថ្ងៃទី០១កញ្ញាម្សិលមិញ ដើម្បីជំនុំជម្រះក្តី។ ជាបណ្តឹងពីបទបរិហាកេរ្ត៍ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ក្នុងនាមជាចុងចោទ បានបង្ហាញមុខនៅតុលាការដោយផ្ទាល់ ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមបណ្តឹង បានចាត់ក្រុមមេធាវីតំណាងរបស់លោក ទៅបំភ្លឺរឿងក្តី។
ជាជំនួបនៅមុខតុលាការបរទេស លោក សម រង្ស៊ី លើកឡើងថា «ជារឿងរំភើប ព្រោះជាឱកាសលើកពីស្ថានការណ៍នយោបាយទូទៅនៅកម្ពុជា»។ ស្ថានការណ៍នយោបាយកម្ពុជា ដែលលោក សម រង្ស៊ី អះអាងពី ទម្លាប់ឃោឃៅនៅកម្ពុជា តាមរយៈអំពើហិង្សានិងនិទណ្ឌភាព ចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាដើម។ ចំពោះសវនាការដែលជំនុំជម្រះនេះ សម្រាប់លោក សម រង្ស៊ី ជាឱកាសឲ្យលោកលើករឿងរ៉ាវដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ប្រាប់ដល់តុលាការបារាំង។
ចំពោះមុខតុលាការបារាំង ក្រុមមេធាវីម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញបានព្យាយាមកត់សម្គាល់ចម្លើយរបស់លោក សម រង្ស៊ី។ លោក Luc Brossolet មេធាវីសម្តេចតេជោ ហ៊ុន សែន កត់សម្គាត់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពេលលោក សម រង្ស៊ី ឆ្លើយសំណួរ។ លោកថា «អ្វីដែលយើងបានឃើញ គឺលោក សម រង្ស៊ី មិនអាចឆ្លើយសំណួរ មិនអាចពន្យល់»។ សម្រាប់លោក Luc Brossolet ចម្លើយដែលគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី គឺបង្ហាញថា ជាការចោទប្រកាន់ដោយគ្មានហេតុផល។
លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារបណ្តឹងដែលប្តឹងលោក សម រង្ស៊ី ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនបំណងចង់ប្តឹងជនជាតិដូចគ្នានោះទេ។ តែករណីលោក សម រង្ស៊ី ជាការចោទប្រកាន់ធ្ងន់ធ្ងរមិនអាចទទួលយកបាន។ បើតាមលោក គី តិច បណ្តឹងពេលនេះ គ្រាន់តែជាការទាមទារជានិមិត្តរូប នូវសំណងជាទឹកប្រាក់ មួយអឺរ៉ូប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺយុត្តិធម៌ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរបញ្ជាក់ថា សំណុំរឿងបរិហាកេរ្ត៍ ដែលបើកក្តីនៅទីក្រុងប៉ារីសនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានចាត់ក្រុមអ្នកច្បាប់ឲ្យប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្ត៍។ បណ្តឹងទាំងពីរ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី សរសេរថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ លោក ហុក ឡុងឌី កាលពីឆ្នាំ២០០៨ នៅខេត្តស្វាយរៀង រួមទាំងការស្លាប់របស់លោក ជា វិជ្ជា ប្រធានសហជីពកាលពីឆ្នាំ២០០៤។
ដោយឡែកសម្រាប់សវនាការជំនុំជម្រះ ដែលចាយពេលស្តាប់អស់ជាង៥ម៉ោង នឹងត្រូវតុលាការបារាំងប្រកាសសាលក្រម នៅថ្ងៃទី១០តុលា ខាងមុខ៕
ដោយ៖សេក ប្រាក់
ចំនងជើរូបថត៖តុលាការទីក្រុងប៉ារីសប្រទេសបារាំង បានបើកសវនាការនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឌី វិជ្ជា ។ជាក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងសវនាការ(រូបថត ហ្រ្វេសញូវ)

