ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន LATE CHENG MINING DEVEOPMENT ធ្វើការវិនិយោគទៅលើអាជីវកម្មរ៉ែមាស ក្នុងខេត្តកំពង់ធំ
ភ្នំពេញ៖តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រជូនក្រុមហ៊ុន LATE CHENG MINING DEVEOPMENT CO.,LTD ធ្វើការវិនិយោគទៅលើអាជីវកម្មរ៉ែមាស ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ខាងមុខ។
គម្រោងវិនិយោគនេះ ត្រូវចំណាយទុនប្រមាណ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ នេះជាការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជុំវិញការវិនិយោគនេះ លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់សារព័ត៌មានCPA ថា នៅប្រទេសកម្ពុជាមិនទាន់មានក្រុមហ៊ុនរដ្ឋឡើយ។ រាល់ការវិនិយោគ គឺពឹងផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនឯកជន សម្រាប់ការអភិវឌ្ឍ។
លោកលើកឡើងថា៖ «យើងនឹងទទួលបានផលចំណេញពីការវិនិយោគ៖ ផលចំណេញទីមួយ គឺតាមរយៈសួយសា ហើយទីពីរ គឺតាមរយៈការបង់ពន្ធ និងទីបី គឺយើងបង្កើតការងារ ចំណែកទីបួន គឺយើងទទួលបានបទពិសោធក្នុងការធ្វើអាជីវកម្មថ្មីនេះ»។
បន្ថែមពីនេះទៀត លោកថា រាល់ការធ្វើអាជីវកម្មទាំងអស់នៅក្នុងលោកយើងនេះ មិនថាតែអាជីវកម្មរ៉ែមាសទេ គ្រប់អាជីវកម្មផ្សេងទៀត ក៏នៅតែមានផលប៉ះពាល់ផងដែរ គ្រាន់តែមានតិច ឬក៏ច្រើនប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាថា នឹងថ្លឹងថ្លែងពិចារណាឲ្យបានម៉ត់បំផុតរវាងផលប៉ះពាល់ និងផលចំណេញដែលទទួលបានពីការវិនិយោគនេះ៕
ដោយ៖ជា សុខនី
ចំនងជើងរូប៖ឯកឧត្តម អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ( រូបថត ក្រសួងរ៉ែនិងថាមពល)