កម្ពុជាស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីពិចារណាផ្តល់ជំនួយដើម្បីពង្រឹងវិស័យធុរកិច្ចឌីជីថល
ភ្នំពេញ៖កម្ពុជាស្នើសុំជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី (ADB) ក្នុងគោលដៅពង្រឹងវិស័យធុរកិច្ចឌីជីថល ដែលមន្ត្រីជាន់ខ្ពស់កម្ពុជាផ្នែកនេះទទួលស្គាល់ថា កម្ពុជានៅមានកង្វះខាតនៅឡើយ។ សម្រាប់កម្ពុជាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយឲ្យកម្ពុជា ដើរទាន់និងស្របតាមផែនការនយោបាយរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ចឌីជីថលដែលទើបដាក់ចេញនៅឆ្នាំ២០២២ នេះ។
សំណើរបស់កម្ពុជាដូច្នេះ ធ្វើឡើងក្នុងឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី, គណៈកម្មការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិដើម្បីអាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការប្រកាសឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងជំនួបទ្វេភាគីរវាងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្រ្ត និងប្រធានក្រុមសេដ្ឋវិទូប្រចាំអេឌីប៊ី លោកអាល់បឺត ផាក (Albert Park) ដើម្បីផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា លោកសុខ សុភ័ក្រ្ត បានស្នើទៅកាន់ ADB ឲ្យពិចារណាផ្តល់ជំនួយផ្នែកធនធានហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីបម្រើសកម្មភាពដោះស្រាយបញ្ហា ប្រឈមនានា ក្នុងនោះផ្តោតជាពិសេសលើវិស័យធុរកិច្ចឌីជីថល។
បើតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ការប្រឈមរបស់កម្ពុជារួមមាន៖ ការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រសម្រាប់ការស្ដារឡើងវិញនូវខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ការគាំទ្រសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងការពង្រឹងសមត្ថភាពនិងជំនាញក្នុងការចរចាពាណិជ្ជកម្មសេរីសម្រាប់មន្ដ្រីកម្ពុជា តាមរយៈវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះ លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជម្មបានប្រាប់សារព័ត៌មាន CPA ថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB តែងមានគម្រោងបច្ចេកទេសមួយចំនួនជួយដល់កម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្ម ហើយកម្ពុជាស្នើសុំជំនួយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ព្រោះរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ។
លោកប៉ែន សុវិជាតិ គូសបញ្ជាក់ថា៖ «សព្វថ្ងៃ យើងស្នើសុំជំនួយពីអេឌីប៊ីហ្នឹង ព្រោះប្រទេសយើងកំពុងអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ដោយឡែក ក្រសួងពាណិជ្ជកម្មក៏នឹងអនុវត្តគម្រោងមួយ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធការទូតពាណិជ្ជកម្មអេឡិចត្រូនិច ក៏ដូចជាការរៀបចំបណ្តុះបណ្តាលវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដល់សហគ្រាសតូច និងមធ្យម ជាដើម»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តថា ការដែលកម្ពុជាស្នើសុំជំនួយបន្ថែមពីអេឌីប៊ី គឺជារឿងធម្មតាដែលកើតឡើងរវាងរដ្ឋាភិបាលប្រទេសមួយ នឹងទីភ្នាក់ងារផ្តល់ជំនួយ ហើយនៅពេលមានកិច្ចការងារអនុវត្តផែនការថ្មី តែងមានវត្តមាន អេឌីប៊ី នៅជួយកម្ពុជាជានិច្ច ។
គួរបញ្ជាក់ផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ដែលជំនួយអភិវឌ្ឍន៍ផ្លូវការនានា រួមជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន ៣២៩,៨លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១។
សម្រាប់លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា លោកយល់ឃើញថា បញ្ហាសេដ្ឋកិច្ចឌីជីថលគឺជារឿងសំខាន់សម្រាប់កម្ពុជា ដែលក្នុងបរិបទសព្វថ្ងៃ ពិភពលោកកំពុងមានទំនោរបែរទៅរកវិស័យមួយនេះ ខណៈកម្ពុជាទើបផ្ដោតការយកចិត្តទុកដាក់ខ្លាំងក្នុងអំឡុងពេលពិភពលោកជួបវិបត្តិកូវីដ១៩។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ លើកឡើងថា៖ «កម្ពុជាទើបតែដំណើរការសកម្មខ្លាំងលើវិស័យសេដ្ឋកិច្ចឌីជីថល ក្នុងអឡុងវិបត្តិកូវីដ ដែលវិស័យនេះជួយឱ្យសេដ្ឋកិច្ចអាចដំណើរការបាន បើទោះបីជាអ្នកលក់ និងអ្នកទិញមិនបានជួបគ្នាដោយផ្ទាល់»។
លោកបន្ថែមថា វិស័យសេដ្ឋកិច្ចឌីជីថលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ខណៈបណ្តាប្រទេសនានាឯទៀត ជាពិសេសបណ្តាប្រទេសរីកចម្រើនកំពុងខំប្រឹងពង្រឹងធុរកិច្ចឌីជីថល នាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។
គិតត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ីបានសម្រេចផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេសសរុប ៣១៩គម្រោងដែលមានតម្លៃប្រមាណ ៤,២ ប៊ីលានដុល្លារដល់កម្ពុជាដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ថាមពល ការដឹកជញ្ជូន និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។
គួររំឭកថា រដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ក្រោយសង្កេតឃើញថា វិស័យឌីជីថលបានក្លាយជាគន្លឹះស្នូលសម្រួលដល់សេដ្ឋកិច្ចក្នុងពេលវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩។ តាមរយៈគោលនយោបាយនេះ កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងសន្ទុះ និងល្បឿនថ្មី ដោយយកវិស័យឌីជីថល និងជំរុញផលិតភាពឱ្យមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។
ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនេះ នឹងមានសក្តានុពលទៅលើសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងខ្សែចង្វាក់តម្លៃតំបន់ និងសកល ការជំរុញសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ព្រមទាំងការបង្កើតការងារជំនាញ និងការវិនិយោគ និងការបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផងដែរ៕
ដោយ៖សំបាន ច័ន្ទដារ៉ា
ចំនងជើងរូបថត៖ក្នុងឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម(រូបពាក់វ៉ែនតា) បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា(រូបថតក្រសួងពាណិជ្ជកម្ម)


