ការចរចាលើកិច្ចព្រមព្រៀងអ៊ីរ៉ង់ដើរថយក្រោយ ដោយសារអាមេរិកមិនព្រមទទួលយកការឆ្លើយតបរបស់អ៊ីរ៉ង់
អាមេរិក៖ ការចរចាលើការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានជួបនូវភាពរអាក់រអួលជាថ្មី ដោយសារតែអាមេរិកទទួលយកមិនបាននូវការឆ្លើយតបរបស់អ៊ីរ៉ង់។ អាមេរិកទាត់ចោលចម្លើយរបស់អ៊ីរ៉ង់ ដោយចាត់ទុកថា វាជាចម្លើយមិនបានការ និងមានលក្ខណៈដើរថយក្រោយ។
មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បង្ហើបប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញាឆ្នាំ២០២២ ថា អាមេរិកកំពុងតែសិក្សាពីសំណើនិងចម្លើយតបរបស់អ៊ីរ៉ង់ ប៉ុន្តែមន្រ្តីរូបនោះ បដិសេធមិនទម្លាយឱ្យដឹងលម្អិតថា អ៊ីរ៉ង់ដាក់សំណើ ឬឆ្លើយតបយ៉ាងដូចម្ដេចខ្លះ មកកាន់សហរដ្ឋអាមេរិកនោះទេ។ស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិកដែរ ប្រភពពីមន្រ្តីការទូតអឺរ៉ុបម្នាក់ ឱ្យដឹងថា ចម្លើយតប ក៏ជាសំណើពីអ៊ីរ៉ង់ មានលក្ខណៈអវិជ្ជមាន និងមិនសមហេតុផល។
គេនៅមិនទាន់ដឹងច្បាស់ទេថា ភាគីពាក់ព័ន្ធនៅក្នុងដំណើរការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ នឹងនៅតែបន្តរក្សាឆន្ទៈរបស់ខ្លួន ហើយបន្តការជជែកគ្នាតទៀត ឬក៏យ៉ាងណានៅឡើយទេ។ ប៉ុន្តែអ៊ីរ៉ង់ និងអាមេរិក ហាក់ដូចជាអស់ចិត្តលែងចង់ពិភាក្សាគ្នាតទៅទៀតហើយ បន្ទាប់ពីការចរចាចុងក្រោយ ដែលសម្របសម្រួលដោយអឺរ៉ុបនេះ។
កាលពីដើមខែសីហា មន្រ្តីសហភាពអឺរ៉ុប ដែលដើរតួជាអ្នកសម្របសម្រួលនៃកិច្ចចរចា បានផ្ញើ «បញ្ហាខ្ទាស់ចុងក្រោយ» ទៅឱ្យអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដើម្បីឈានទៅស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានធ្វើការយ៉ាងល្អិតល្អន់ និងបង្ហាញពីភាពសុទិដ្ឋិនិយម។ មិនត្រឹមតែប៉ុណ្ណោះ គេឃើញមានការសន្ទនាឆ្លងឆ្លើយគ្នាទៅវិញទៅមករវាងអាមេរិកនិងអ៊ីរ៉ង់ រហូតដល់មានការអះអាងពីប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃពុធថា មានការយល់ព្រមរួមមួយ ដែលអាចនិយាយបានថា ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងអាចឈានដល់ទីបញ្ចប់។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលមានឈ្មោះជាផ្លូវការថា ផែនការសកម្មភាពរួមទូលំទូលាយ (JCPOA) ត្រូវបានសម្រេចឡើងក្នុងឆ្នាំ ២០១៥ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង សហភាពអឺរ៉ុប(EU )លើអ៊ីរ៉ង់ ចំពោះកម្មវិធីនុយក្លេអែររបស់ប្រទេសនេះ។
៣ឆ្នាំបន្ទាប់ពីនោះ ពោលគឺនៅក្នុងឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយថែមទាំងដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញថែមទៀត។ ជាលទ្ធផល អ៊ីរ៉ង់ក៏បានបង្កើនកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីពេលនោះមក។
យ៉ាងណាមិញ អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្ដេជ្ញាថា នឹងធ្វើឱ្យកិច្ចព្រមព្រៀងនេះរស់ឡើងវិញ។ ប៉ុន្តែក៏ព្រមានដែរថា ខ្លួននឹងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកុំឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ បើទោះបីជាប្រើកម្លាំងទ័ពក៏ដោយ។
ប៉ុន្តែមកទល់ពេលនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើការចរចាគ្នាដោយប្រយោលនោះ មិនទាន់ឈានដល់ការស្រុះស្រួលណាមួយនៅឡើយទេ ខណៈកិច្ចចរចាបានប្រព្រឹត្តទៅជាច្រើនជុំរួចទៅហើយ។ កាលពីពាក់កណ្ដាលខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price និយាយថា មធ្យោបាយតែមួយគត់ដើម្បីស្ដារកិច្ចព្រមព្រៀង គឺអ៊ីរ៉ង់ត្រូវតែបោះបង់ចោលការទាមទារមិនសមហេតុផលរបស់ខ្លួន។
នៅក្នុងកិច្ចចរចាកាលពីជុំមុនៗ ការទាមទាររបស់អ៊ីរ៉ង់ ឱ្យសហរដ្ឋអាមេរិក លុបកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ចេញពីបញ្ជីភេរវកម្ម គឺជាបញ្ហាខ្ទាស់ដ៏ធំមួយរួចទៅហើយ។ បន្ថែមពីលើនេះ អ៊ីរ៉ង់ថែមទាំងទាមទារឱ្យមានការធានាសេដ្ឋកិច្ច ដោយសុំកុំឱ្យអាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងទៀត ព្រោះវាធ្វើឱ្យក្រុមហ៊ុនផ្សេងៗមិនហ៊ានទៅរកស៊ីនៅអ៊ីរ៉ង់។
ក្រោយមកទៀត អ៊ីរ៉ង់បានបង្ហាញពីការព្រួយបារម្ភ អំពីការស៊ើបអង្កេតដាច់ដោយឡែកមួយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៃ អ.ស.ប លើការតាមដានសារធាតុអ៊ុយរ៉ាញ៉ូមដែលប្រើក្នុងកម្មវិធីនុយក្លេអ៊ែរ ដោយទាមទារឱ្យអ.ស.ប បញ្ឈប់សកម្មភាពនេះ មុនពេលខ្លួនវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង។
កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តលើសេចក្ដីសម្រេចលើការដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការពន្យល់មិនបានគ្រប់គ្រាន់របស់អ៊ីរ៉ង់ ទាក់ទងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅកន្លែងចំនួន ៣ ដែលក្រុងតេអេរ៉ង់មិនបានប្រកាសថាជាកន្លែងប្រើក្នុងកម្មវិធីនុយក្លេអ៊ែរ។ ហើយកាលពីសប្ដាហ៍មុន ប្រធាន IAEA បានច្រានចោលការទាមទាររបស់អ៊ីរ៉ង់ឱ្យ អ.ស.ប បញ្ឈប់ការស៊ើបអង្កេត រហូតទាល់តែខ្លួនបានចម្លើយ៕ ដោយ៖ ហួន ឌីណា