រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីក្រុងពាលីសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតសារជាថ្មី
បន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ រដ្ឋបាលខេត្តបន្ទាយមានជ័យរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រារព្ធពិធីក្រុងពាលី ដើម្បីសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតជាថ្មីម្ដងទៀត នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ រង្វង់មូលថ្មីនេះ នឹងមានដាក់រូបសំណាកព្រះវិស្ណុដែលជារូបចាស់នាទស្សវត្សទី ៩០ ជំនួសរង្វង់មូលមុន។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការកសាងរង្វង់មូលក្រុងប៉ោយប៉ែតនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយរដ្ឋបាលក្រុងប៉ោយប៉ែតបានកសាងរៀបចំឡើងវិញដោយមានរូបសំណាកព្រៈវិស្ណុមួយអង្គ ដែលមានបល័្លង្គប្រវែង៣,៦ម៉ែត្រ និងរូបសំណាកព្រះវិស្ណុ កម្ពស់៥ម៉ែត្រ យកមកពីស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងប៉ោយប៉ែត គឺការសាងសង់រង្វង់មូលនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ១,៩លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋបាលក្រុងប៉ោយប៉ែតផ្ទាល់ និងចូលរួមពីក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន ព្រមទាំងសប្បុរសជន ដើម្បីកសាងរង្វង់មូលក្រុងប៉ោយប៉ែតជាប់ផ្លូវចូលច្រកទ្វារអន្តជាតិប៉ោយប៉ែត ឱ្យមានភាពទាក់ទាញ ជាពិសេសសម្រាប់ភ្ញៀវអន្តរជាតិ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រង្វង់មូលនេះជាសមិទ្ធផលថ្មីមួយលើទីតាំងចាស់ ដែលមានចម្ងាយពីព្រំដែន កម្ពុជា ថៃ ប្រវែង៣៥១ម៉ែត្រ។ មានអង្កត់ផ្ចិត៤០ម៉ែត្រ រដ្ឋបាលខេត្តក៏នឹងរៀបចំជាសួនច្បារ និងដាំបង្គោលភ្លើងជុំវិញរង្វង់មូល សម្រាប់ប្រជាពលរដ្ឋអញ្ជើញមកលម្ហែកម្សាន្ត៕ ដោយ៖ ហោ សុវិទ្យា