រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មជាមួយមជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងឱកាសនោះឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ ដែលកន្លងមក ACIAR បានផ្តល់ជាគម្រោងស្រាវជ្រាវលើវិស័យកសិកម្មជាចំនួន៥៥គម្រោង ក្នុងរយៈពេលប៉ុន្មានជាងពីរទសវត្សរ៍ចុងក្រោយនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូជ្រាបថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួនបានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសជិតខាង ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្មមួយចំនួនទៀតដែលមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម។

ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦,២លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ទោះជាយ៉ាងនេះក្តី ក៏នៅមានកង្វះខាតផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការនាំចូលក្នុងកម្រិតតិចតួច។

ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សា និងស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំណុចមួយចំនួនដូចជា៖ ១. ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធននឹងការបម្រែបម្រួលអាកាសធាតុ និងពង្រឹង និងកសាងធនធានមនុស្ស បន្តទៀត ,២. គាំទ្រឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើនលើខ្សែច្រវាក់ផលិតកម្មកសិកម្មជាពិសេសលើកែឆ្នៃផលិតផលកសិកម្ម ,៣. គាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។

ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យ ACIAR ពិនិត្យលទ្ធភាពរៀបចំតំណាងការិយាល័យ ACIAR នៅកម្ពុជា ដោយក្រសួងកសិកម្មនឹងគាំទ្រទីតាំងការិយាល័យតំណាងនៅក្រសួងផ្ទាល់។
គួរបញ្ជាក់ថាជំនួបនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង៕ ដោយ៖ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner