បេសកកម្មរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែននៅតែមានសារៈសំខាន់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា បេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅតែមានសារៈសំខាន់ ទោះបីជាជួបការលំបាកដោយសារតែវត្តមានរបស់កងកម្លាំងរុស្ស៊ីនៅកន្លែងនោះក៏ដោយ។
ថ្លែងតាមប្រព័ន្ធវីដេអូអនឡាញទៅកាន់វេទិការ Ambrosetti Forum នៅភាគខាងជើងប្រទេសអ៊ីតាលី លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានធ្វើគ្រប់យ៉ាងដើម្បីធានាថា មន្រ្តី IAEA នឹងទទួលបានការចូលទៅកាន់រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ហើយខ្ញុំជឿជាក់ថា បេសកកម្មនេះ អាចនឹងនៅតែមានសារៈសំខាន់។ លោក ហ្សេលេនស្គី បន្តថា ជាអកុសល យើងមិនបានឮរឿងសំខាន់ពី IAEA ដែលជាការអំពាវនាវឱ្យរុស្ស៊ី បង្កើតតំបន់គ្មានយោធា… ខ្ញុំសង្ឃឹមថា បេសកកម្មនេះនឹងអនុវត្តតាមអ្វីដែលយើងបានព្រមព្រៀងគ្នា ហើយវានឹងបម្រើផលប្រយោជន៍របស់សហគមន៍អន្តរជាតិទាំងមូល។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា ការធានាឱ្យរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ត្រឡប់មកដំណើរការឡើងវិញដោយសុវត្ថិភាព ហើយនៅតែតភ្ជាប់ទៅបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន នឹងជួយអ៊ុយក្រែនឱ្យធ្វើសកម្មភាពដើម្បីទប់ទល់នឹងវិបត្តិថាមពលនៅអឺរ៉ុប ហើយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនការនាំចេញអគ្គិសនីទៅកាន់ប្រទេសសហភាពអឺរ៉ុប៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា



