ប្រធាន ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទទួលស្គាល់ថា រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ពិតជារងការវាយប្រហារច្រើនលើក
កៀវ៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី បានបញ្ជាក់ថា ការខូចខាតបានកើតឡើងចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបដិសេធមិនបញ្ចេញឈ្មោះភាគីដែលមានកំហុសទេ។
លោក ក្រូស៊ី បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីវិលត្រឡប់ទៅកាន់ដែនដីគ្រប់គ្រងដោយអ៊ុយក្រែនវិញ ក្នុងថ្ងៃសុក្រសប្តាហ៍នេះថា វាច្បាស់ណាស់ថា ភាពសុចរិតខាងរាងកាយរបស់រោងចក្រត្រូវបានបំពានជាច្រើនដង។ ដោយចៃដន្យ ឬដោយការពិចារណា យើងមិនមានធាតុដើម្បីវាយតម្លៃនោះទេ ប៉ុន្តែនេះគឺជាការពិតដែលយើងត្រូវទទួលស្គាល់។ ខ្ញុំបារម្ភ! ខ្ញុំបារម្ភ! ហើយខ្ញុំនឹងបន្តបារម្ភអំពីរោងចក្ររហូតដល់យើងមានស្ថានភាពដែលមានស្ថិរភាពជាងនេះ ដែលអាចព្យាករណ៍បានជាងនេះ។ លោក ក្រូស៊ី បន្តថា គាត់បានឃើញច្រើន ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ដោយបានពិនិត្យដោយផ្ទាល់នូវផ្នែកសំខាន់ៗមួយចំនួននៅរោងចក្រ រួមទាំងប្រព័ន្ធគ្រាអាសន្ន បន្ទប់បញ្ជា និងម៉ាស៊ីនភ្លើងម៉ាស៊ូត។
ទីភ្នាក់ងារអាតូមិកមិនទៅណាទេពីរោងចក្រនៅពេលនេះ លោក ក្រូស៊ី បានធានាដល់អ្នកសារព័ត៌មាន ដោយបញ្ជាក់ជាថ្មីថា ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គ្រោងនឹងបង្កើតវត្តមានអចិន្ត្រៃយ៍នៅឯរោងចក្រនេះ។ លោកថា អ្នកជំនាញមួយចំនួនមកពីក្រុមរបស់គាត់នឹងបន្តនៅរោងចក្ររហូតដល់ថ្ងៃអាទិត្យ ឬថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីចូលឱ្យជ្រៅ និងប្រមូលទិន្នន័យបន្ថែមទៀតសម្រាប់ទុកជារបាយការណ៍៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា



