រុស្ស៊ីថា មិនមានអាវុធធុនធ្ងន់របស់ខ្លួនត្រូវបានរឹបអូសនៅទីតាំងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នោះទេ
កៀវ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ ក្នុងថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា ផ្ទុយទៅនឹងការអះអាងរបស់អ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធរុស្ស៊ីមិនបានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលវាយដណ្តើមបានសម្រាប់គោលបំណងយោធានោះទេ ហើយថា បេសកកម្មដែលកំពុងដំណើរការរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) សង្ឃឹមថានឹងធ្វើការផ្ទៀងផ្ទាត់រឿងនេះ។
លោក ស៊យហ្គូ បាននិយាយថា ខ្ញុំសូមបញ្ជាក់ដោយទំនុកចិត្តថា យើងមិនមានអាវុធធុនធ្ងន់នៅក្នុងទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ និងនៅក្នុងសង្កាត់ដែលនៅជាប់គ្នានោះទេ។ ខ្ញុំសង្ឃឹមថា សមាជិកនៃក្រុមអធិការកិច្ច IAEA នឹងបញ្ជាក់វាដោយផ្ទាល់ភ្នែក។ ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ លោក ស៊យហ្គូ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានប្រថុយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយការវាយប្រហារទៅលើទីតាំងរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា។
ស្របពេលជាមួយគ្នានេះដែរ លោកបានចោទប្រកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា កំពុងលើកទឹកចិត្តអ៊ុយក្រែនឱ្យបើកការវាយប្រហារបន្ថែមទៀត ដោយលោកបានព្រមានថា រាល់ការទទួលខុសត្រូវចំពោះភាពអាសន្នដែលអាចបង្កឡើងដោយការបង្កហេតុ ដែលអាចកើតមាននាពេលអនាគតនឹងធ្លាក់លើអាជ្ញាធរអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា



