សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវគណកម្មការបច្ចេកទេសជំនាញ សរុប ៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា សហព័ន្ធត្រូវការគណកម្មការបច្ចេកទេសជំនាញ ចំនួន ៥០នាក់ ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រយៈពេល៦ថ្ងៃ ដល់មន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា នៅមន្ទីរអប់រំយុវជន និងកីឡា ក្រុងកំពត ខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ។
លោក ស្រ៊ុន លាង បញ្ជាក់ថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងឆ្នាំ២០១៩-២០២៣ ត្រូវគណកម្មការបច្ចេកទេសជំនាញចំនួន៧៥នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតនានាទាំងជាតិ និងអន្តរជាតិ ប៉ុន្តែការងារបណ្តុះបណ្តាលកន្លងមកសហព័ន្ធបានធ្វើ៥លើករួចហើយ គិតមកដល់ពេលនេះយើងមានមន្រ្តីជំនាញជាង២០០នាក់ តែប្រតិភូសហព័ន្ធ កីឡាទូកអន្តរជាតិ លោក Dick Lim ប្រាប់ថា ត្រូវការអ្នកជំនាញត្រឹម៥០នាក់ គឺគ្រប់គ្រាន់ហើយ។
លោកអគ្គលេខាធិការង បន្តថា សម្រាប់គណកម្មការសហព័ន្ធកីឡាទូកអន្តរជាតិវិញ បានប្រាប់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម ឬការប្រកួតកម្រិតអន្តរជាតិនានា ត្រូវការគណកម្មការជំនាញចំនួន២២នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជ្រើសរើសដោយសហព័ន្ធកីឡាទូកអន្តរជាតិ ក្នុងនោះប្រទេសខ្លះអាចយក៣នាក់ ដោយសារគេធ្លាប់បណ្តុះបណ្តាលទូកប្រពៃណី ទូកនាគខ្នាតអន្តរជាតិ ច្រើនដង ប្រទេសខ្លះអាច២នាក់ តែគិតមកដល់ពេលនេះ សម្រាប់កម្ពុជាមានតែម្នាក់ប៉ុណ្ណោះ ជំនាញផ្នែកទូកកានូ និងកាយ៉ាក គឺលោកស្រ៊ុន លាង ជាអគ្គលេខាធិការងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកផ្នែកបច្ចេកទេសសហព័ន្ធ ប៉ុន្តែផ្នែកទូកប្រពៃណី ទូកនាគខ្នាតអន្តរជាតិ កម្ពុជាមិនទាន់មាននោះទេ។
លោក បន្តថា សហព័ន្ធមានផែនការ បញ្ជូនមន្រ្តីបច្ចេកទេស ដែលជំនាញចេះភាសាស្ទាត់ជំនាញ ចេះការងារបច្ចេកទេស (IT) និងយល់ច្បាស់ពីច្បាប់លក្ខខន្តិកៈអន្តរជាតិ ទៅចូលរួមការប្រកួតកីឡាទូកប្រពៃណីទូកនាគ ជើងឯកអាស៊ីអាគ្នេយ៍ ដែលរៀបចំនៅប្រទេសថៃនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសិក្សារៀនសូត្រ ពីអ្នកជំនាញអន្តរជាតិ ទាំងទ្រឹស្តី ការអនុវត្តផ្ទាល់ បូករួមទាំងការកាត់សេចក្តីការប្រកួតផ្ទាល់ ដើម្បីឲ្យគណកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាទូកអន្តរជាតិទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រជាផ្លូវការ ។
លោកស្រ៊ុន លាង បានវាយតម្លៃថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ នៅខេត្តកំពតរយៈពេល៦ថ្ងៃនេះ ទទួលបានលទ្ធផល៨៩% ហើយមានមន្រ្តីបច្ចេកទេសដែលឆ្លងវគ្គបណ្តុះបណ្តាល ៤លើកកន្លងមក សរុបជាង ២០០នាក់ ដើម្បីបន្តចូលរួមវគ្គបណ្តុះបណ្តាលចុងក្រោយ ដែលបង្រៀនដោយសហព័ន្ធកីឡាទូកអាស៊ី រើសរើសយកតែ៥០នាក់ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមការកំណត់របស់សហព័ន្ធកីឡាទូកអន្តរជាតិ ។
លោក ស្រ៊ុន លាង បន្ថែមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ពីសហព័ន្ធកីឡាទូកអាស៊ី កម្ពុជាមានគម្រោងនឹងបញ្ជូនគួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រយៈពេល៦ថ្ងៃ នៅខេត្តកំពត មានសិក្ខាកាមចូលរួមចំនួន៣៥នាក់ សុទ្ធសឹងជាមន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា និងបង្ហាត់បង្រៀន ដោយគ្រូឧទ្ទេស៣រូប មានឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធាន លោក ស្រ៊ុន លាង អគ្គលេខាធិការរង និងលោក សាំង សុភ័ក្ក្រ ។ ដោយឡែកសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវការគណកម្មការបច្ចេកទេសជំនាញសរុប៥០នាក់ ៕ ចាន់ វិចិត្រ


