គណបក្សប្រជាជនកម្ពុជា មិនយល់ស្របដែលបក្សក្រៅរដ្ឋាភិបាលចង់ឱ្យឃើញការកំណត់លក្ខខណ្ឌការប្រើប្រាស់ថវិការបស់បក្សនយោបាយ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានចាត់ទុកថា វាជារឿងមិនត្រឹមត្រូវដែលតំណាងគណបក្សក្រៅរដ្ឋាភិបាល ចង់ឱ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយ អំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។

ប្រតិកម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធគណបក្សក្រៅរដ្ឋាភិបាលតាមរយៈសន្និសីទកាសែតនៅថ្ងៃទី២ ខែកញ្ញា ចង់ឃើញការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយអំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ធ្វើបែបនេះដើម្បីតម្លាភាព និងគោលការណ៍ស្មើភាពរវាងគណបក្សនយោបាយ។ តំណាងគណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានដាក់សំណើនេះ នៅលេខរៀងទី១០ ក្នុងចំណោមសំណើទាំង១៦ចំណុច ដែលស្នើទៅ គ.ជ.ប ក្នុងជំនួបកាលពីថ្ងៃទី៣១ ខែសីហា។

ឯកឧត្តម សុខ ឥសាន ឆ្លើយតបថា «បើចង់ទាមទារ គឺទាមទារបែបនេះទំនងជាង។ គឺសុំឱ្យរដ្ឋជាអ្នកទទួលខុសត្រូវចំពោះគណបក្សណាដែលបានចុះបញ្ជីនៅ គ.ជ.ប ក្នុងការប្រកួតប្រជែង ហើយរដ្ឋត្រូវផ្ដល់ថវិកាស្មើៗគ្នាគ្រប់គណបក្សនយោបាយ។ បើធ្វើបែបហ្នឹងទើបបាន។»

តែយ៉ាងណាមិញ លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរថ្លែងថា «នៅក្នុងនីតិវិធីឬច្បាប់ គួរតែកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិកាថា តើគណបក្សនយោបាយនីមួយៗមានសិទ្ធិប្រើប្រាស់ថវិកាប៉ុន្មាន? តើអាចទទួលបានលុយឧបត្ថម្ភពីឧកញ៉ា ឬអ្នកមានណាមួយ ក្នុងទំហំប៉ុន្មាន? មិនមែនចេះតែជួយរាប់លានស្រេចចិត្តបានទេ គឺត្រូវមានការកំណត់។»

ប្រភពថវិការបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន គូសបញ្ជាក់ថា ទទួលបានពីអ្នកគាំទ្រ។ «អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានជាង៦លាននាក់ជាងហើយ។ បើគ្រាន់តែចូលម្នាក់មួយដុល្លារហ្នឹងវាបានប្រាំមួយលានបាត់ទៅហើយ។ វាខុសគ្នាអ៊ីចឹង!។»

អ្នកនយោបាយវ័យក្មេង លោក គង់ មុនិកា ក៏បានរិះគន់ការឃោសនារបស់គណបក្សនយោបាយមួយចំនួននាពេលកន្លងមកថា បានបង្កការរំខាននិងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោក គង់ មុនិកា៖ «យើងឃើញហើយ បោះឆ្នោតម្ដងៗ ការឃោសនារបស់គណបក្សយោបាយមានទំហំខុសគ្នាឆ្ងាយណាស់។ ជាក់ស្ដែងគណបក្សកាន់អំណាចមានលុយច្រើន ប្រមូលមនុស្សមកកកស្ទះពេញទីក្រុង ពេញខេត្ត ទីប្រជុំជន។ ចាយលុយក្នុងការឃោសនា ហើយមិនដឹងថា លុយនោះមានតម្លាភាពកម្រិតណា? ចំណែកគណបក្សណាគ្មានថវិកាធ្វើទៅតាមលទ្ធភាពសអ៊ីចឹងទៅ!»

បើតាមឯកឧត្តម សុខ ឥសាន គណបក្សថ្មីៗដែលយកខ្លួនមកធៀបជាមួយគណបក្សប្រជាជនដែលជាបក្សចាស់វស្សា គឺជារឿងមិនសមទំនងទាល់តែសោះ ព្រោះគណបក្សលោកមានអ្នកគាំច្រើន និងយូរឆ្នាំមកហើយ ហើយក៏គណបក្សទៀតសោត ក៏មានរបៀបចាត់ចែងថវិកានិងស្វែងរកប្រភពថវិកាដែរ។

ទោះជាបែបនេះក្ដី តំណាងឲ្យគណបក្សនយោបាយបីផ្សេងទៀត លោក គង់ មុនិកា ចង់ឃើញការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឡើងដោយស្មើភាព យុត្តិធម៌ និង ត្រឹមត្រូវ ដូចដំណើរការបោះឆ្នោតដែរ បើពុំដូច្នោះទេរកភាពស្មើគ្នាមិនឃើញទេ។

សូមជម្រាបជូនថា មាត្រា២៨នៃច្បាប់ស្ដីពីគណបក្សនយោបាយបានចែងថា រដ្ឋអាចផ្ដល់ប្រាក់ពីថវិកាជាតិស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយ សម្រាប់ប្រើប្រាស់តែក្នុងយុទ្ធការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ប៉ុន្តែគណបក្សនយោបាយណាដែលមិនទទួលបានសន្លឹកឆ្នោតគាំទ្រ៣ភាគរយនៃសន្លឹកបានការសរុបនៅទូទាំងប្រទេស ឬមិនទទួលបានអាសនៈមួយក្នុងរដ្ឋសភា ត្រូវសងប្រាក់នោះគ្រប់ចំនួនទៅរដ្ឋវិញក្នុងរយៈពេល៣ខែយ៉ាងយូរ ចាប់ពីថ្ងៃប្រកាសលទ្ធផលជាស្ថាពរនៃការបោះឆ្នោត។ ដោយឡែកសម្រាប់ប្រភពចំណូលរបស់គណបក្សនយោបាយដែលស្របច្បាប់ ត្រូវមានប្រភពមកពីវិភាគទាន ឬភាគទានរបស់សមាជិក ឬចំណូលផ្សេងៗដែលមកពីការធ្វើអាជីវកម្មស្របច្បាប់របស់គណបក្សនយោបាយ ក៏ដូចជាអំណោយរបស់ក្រុមហ៊ុនឯកជនខ្មែរឬសប្បុរសជនខ្មែរជាដើម៕
ដោយ៖អេង រាជនី
រូបភាព៖ព្រឹទ្ធសភា

ads banner