អឺរ៉ុបអះអាងថា ខ្លួនអាចទប់ទល់នឹងបញ្ហានៅរដូវរងាបាន បើរុស្ស៊ីបិទការផ្គត់ផ្គង់ហ្គាស
រុស្ស៊ី៖ក្រុមមន្រ្តីសហភាពអឺរ៉ុបអះអាងថា ប្លុករបស់ខ្លួនអាចប្រឈមមុខទប់ទល់នឹងបញ្ហានៅរដូវរងាបាន បើទោះបីជារុស្ស៊ីបិទការផ្គត់ផ្គង់ហ្គាសនាពេលនោះក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី បន្តការកាត់ផ្ដាច់ហ្គាសតាមបំពង់បង្ហូរ Nord Stream 1 ទៅអាល្លឺម៉ង់ ម្ដងហើយម្ដងទៀត ដោយលើកហេតុផលអំពីការជួសជុលឡើងវិញ។
ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោក ប៉ាវឡូ យ៉ង់ទីឡូនី (Paolo Gentiloni) ថ្លែងអះអាងនៅក្រៅវេទិកាសេដ្ឋកិច្ចក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ទី០៣ខែកញ្ញាថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រឈមមុខរុស្ស៊ី ប្រសិនបើរុស្ស៊ី យកបញ្ហាហ្គាសនេះ ធ្វើជាចំណាប់ខ្មាំងឆ្លើយតបនឹងទណ្ឌកម្មរបស់អឺរ៉ុប។ លោកបន្តថា៖ «យើងមិនខ្លាចការសម្រេចចិត្តរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ យើងកំពុងស្នើឱ្យរុស្ស៊ីគោរពកិច្ចសន្យា តែបើគេមិនគោរពទេ យើងក៏ត្រៀមខ្លួនរួចស្រេចក្នុងការឆ្លើយតប»។
ការអះអាងរបស់មន្រ្តីអឺរ៉ុបរូបនេះ ធ្វើឡើងខណៈដែលក្រុមហ៊ុន Gazprom បន្តបិទការផ្គត់ផ្គង់ហ្គាសរបស់ខ្លួន តាមបំពង់បង្ហូរ Nord Stream 1 ទៅអាល្លឺម៉ង់ ដោយមិនគោរពតាមកាលកំណត់។ រុស្ស៊ីបានទទូចដដែលៗថា ការជួសជុលបំពង់បង្ហូរគឺជាមូលហេតុនៃការកាត់ផ្ដាច់ ប៉ុន្តែអឺរ៉ុបហៅការអះអាងនេះ ថាជា «លេស» ដើម្បីយកបញ្ហាថាមពលធ្វើជាអាវុធ។
ទោះបីជាយ៉ាងនេះក្ដី អធិការបតីអាល្លឺម៉ង់ ដែលពឹងផ្អែកហ្គាសរុស្ស៊ីខ្លាំងជាគេក្នុងប្លុក លោក Olaf Scholz ប្រាប់បទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា៖ «ទោះបីជាការផ្គង់ផ្គង់ហ្គាសរបស់រុស្ស៊ីកាន់តែតឹងតែងក្ដី យើងនឹងឆ្លងផុតរដូវរងាខាងមុខនេះ»។
នៅពេលនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ហ្គាសឱ្យប្លុកអឺរ៉ុបនៅរដូវរងាខាងមុខ ដើម្បីជាការសងសឹកលើបណ្ដុំប្រទេសអមិត្ត ដែលដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចរបស់ខ្លួន ក្រោយការឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមឡើងនៅចុងខែកុម្ភៈ។
ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនេះ អឺរ៉ុបបានស្វះស្វែងរកប្រភពថាមពលថ្មី បង្កើតផែនការរួមលើការសន្សំសំចៃហ្គាស និងបង្កើនការស្តុកទុកហ្គាសឱ្យបាន ៨០ ភាគរយនៃចំណុះស្តុក ឱ្យបានមុនខែវិច្ឆិកាជាដើម។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺបញ្ហាសេដ្ឋកិច្ច និងអតិរផណា ដែលបណ្ដាលមកពីការឡើងថ្លៃនៃតម្លៃថាមពល៕
ដោយ៖ហួន ឌីណា