កម្ពុជា-គុយបា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា នៅក្នុងជំនួបនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ ឯកឧត្តម Gerardo Geñalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងពង្រឹងកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យទាំងនេះបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរកវិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។

ឯកឧត្តម Gerardo Penalver Portal បានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះកម្លាំងសេដ្ឋកិច្ច របស់ប្រទេសគុយបា។ ទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Gerardo Penalver Portal បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះ ការចូលរួម របស់គុយបាក្នុង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំ២០២០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានា ដែលកម្ពុជាបាននិងកំពុងប្រឈម ក្នុងនាមប្រធានអាស៊ានប្តូរវេន។ ឯកឧត្តម Gerardo Penalver Portal បានអបអរសាទរចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជាសម្រាប់ការដោះស្រាយការប្រឈមទាំងនោះជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍រួម និងមាន ការប្តេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

នៅក្រោយជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ ជាមួយ ឯកឧត្តម Gerardo Peñalver Portal៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner