អ៊ុយក្រែនដណ្តើមបានទីតាំងចំនួនបីកន្លែងនៅភាគខាងត្បូង និងខាងកើត
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្លែងអំណរគុណដល់កងកម្លាំងរបស់លោក ចំពោះការដណ្តើមបានតំបន់ចំនួនពីរនៅភាគខាងត្បូង និងតំបន់ទី៣នៅភាគខាងកើតមកវិញ ក៏ដូចជាទឹកដីបន្ថែមទៀតនៅភាគខាងកើតប្រទេសផងដែរ ។
នៅក្នុងសុន្ទរកថា តាមវីដេអូពេលយប់ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់កងកម្លាំងរបស់លោកសម្រាប់ការរំដោះទឹកដីនៅក្នុងតំបន់ដូណេតស្ក៍ ភាគខាងកើត, ការដណ្តើមយកតំបន់នៅភាគខាងកើត Lysychansk-Siversk និងចំពោះការរំដោះទឹកដីភាគខាងត្បូងចំនួនពីរកន្លែងទៀត ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ មិនបាននិយាយជាក់លាក់អំពីទឹកដីទាំងនោះទេ ហើយក៏មិនបានអះអាងអំពីពេលវេលាដែរ ប៉ុន្តែនិយាយថា លោកទទួលបានរបាយការណ៍ល្អពីមេបញ្ជាការយោធា និងជាប្រធានផ្នែកចារកម្មរបស់លោក នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា រុស្ស៊ីចង់បំផ្លាញជីវិតធម្មតារបស់ពលរដ្ឋអឺរ៉ុបគ្រប់រូប ។ លោកបាននិយាយបែបនេះតែប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីនិយាយថា បំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួនទៅកាន់អឺរ៉ុបនឹងមិនបើកឡើងវិញតាមការគ្រោងទុកនោះទេ ខណៈដែលអឺរ៉ុបបានចោទរុស្ស៊ីថា ប្រើប្រាស់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ដើម្បីសម្លុតអឺរ៉ុប ។
គួរបញ្ជាក់ថា តម្លៃថាមពលបានកើនឡើងចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយការផ្គត់ផ្គង់ដែលខ្វះខាតអាចនឹងរុញឱ្យថ្លៃកាន់តែកើនឡើង។ មានការបារម្ភកាន់តែខ្លាំងឡើងថា គ្រួសារនៅក្នុងសហភាពអឺរ៉ុបនឹងមិនអាចមានលទ្ធភាពចំណាយលើការផ្គត់ផ្គង់កម្តៅក្នុងរដូវរងាខាងមុខបានទេ ខណៈដែលរដ្ឋាភិបាលទូទាំងទ្វីបអឺរ៉ុបកំពុងសញ្ជឹងគិតអំពីវិធានការដែលត្រូវធ្វើឡើង ដើម្បីសម្រាលវិបត្តិនេះ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា



