កូនប្រុសមហាសេដ្ឋីថៃរួចខ្លួនពីសំណាញ់ច្បាប់១០ឆ្នាំហើយ ក្រោយពីបើកឡានបុកប៉ូលីសស្លាប់
ថៃ៖ នៅប្រទេសថៃខែកញ្ញានេះគឺជាខួបមួយទសវត្សរ៍ហើយ ដែលកើតមានព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ល្បីរន្ទឺមួយ បណ្តាលមកពីកូនប្រុសមហាសេដ្ឋីមួយរូប បើកឡានបុកនគរបាលម្នាក់ស្លាប់។ នីតិវិធីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ គឺហាក់នៅនឹងថ្កល់។ ចំណែកជនល្មើសបន្តមានសេរីភាពនៅក្រៅឃុំ និងដើរហើរយ៉ាងសប្បាយហ៊ឺហា។ កាសែតបស្ចិមប្រទេសចាប់អារម្មណ៍ផ្សាយរំឮកព្រឹត្តិការណ៍នេះ និងបានសរសេរលើកឡើងថា នេះគឺនិមិត្តរូបមួយនៃអំពើនិទ្ទណ្ឌភាព នៃក្រុមអ្នកមានលុយ មានអំណាចនៅបាងកក និងស្តែងពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌ថៃ។
លោក វរយុទ្ធ យូវិទ្យា (Vorayuth Yoovidhya) ជាបុត្រាស្នងតំណែងក្នុងវង្សត្រកូលគ្រួសារក្រុមហ៊ុនភេសជ្ជៈគោជល់ Red Bull។ ព្រឹកមួយក្នុងខែកញ្ញា ឆ្នាំ២០១២ យុវជនកូនមហាសេដ្ឋីរូបនេះ បានបើករថយន្តដ៏ទំនើបម៉ាក Ferrarri និងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបុកប៉ូលីសថៃម្នាក់ដែលកំពុងជិះម៉ូតូ រួចហើយក៏បើកឡានគេចខ្លួនចូលភូមិគ្រឹះបាត់។ ជនរងគ្រោះត្រូវឡានបុកនិងអូសចម្ងាយប្រមាណ២០០ម៉ែត្រ ហើយបណ្តាលឲ្យបាត់បង់ជីវិត។ នៅពេលនោះ គឺជនបង្កហេតុ ស្រវឹងស្រា និងបានប្រើគ្រឿងញៀនកូកាអ៊ីន ដែលពិនិត្យទឹកនោមឃើញនៅពេលក្រោយមក។ ប៉ុន្មានម៉ោងក្រោយកើតហេតុ បុរសចំណាស់ម្នាក់ ជាអ្នកថែសួនច្បារក្នុងគ្រួសារមហាសេដ្ឋីនេះ បានទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស និងបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យសម្លាប់មនុស្សនេះ។
បើទោះបីពេលវេលារំលងផុតទៅ១០ឆ្នាំហើយក្តីប៉ុន្តែសំណុំរឿងស៊ើបអង្កេតរបស់នគរបាលក្នុងអំពើឃាតកម្មនេះ គឺនៅជាប់គាំងទ្រឹង។ ជនសង្ស័យ វរយុទ្ធ យូវិទ្យា ហាក់គ្មានព្រួយភ័យអ្វីសោះ និងមិនដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឡើយ។ លោករស់នៅក្នុងជីវភាពមានបានសប្បាយហ៊ឺហា និងដើរហោះហើរទៅមក នៅទីក្រុងឡុងឌ្រឺ, ឌូបៃ និងបាំងកក យ៉ាងរំភើយ។
ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ តែងតែមកលងបន្លាយជារៀងរាល់ឆ្នាំ ហើយរឹងរឹតតែត្រូវពលរដ្ឋថៃយកមកជជែកគ្នាយ៉ាងផុសផុលក្នុងខួប១០ឆ្នាំនេះ។ ក្នុងវិស័យនយោបាយថៃ ក៏ត្រូវអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងក្រុមអ្នកប្រឆាំងនឹងរបបសឹកក្រុងបាំងកក បានយកទៅរិះគន់ដែរ ព្រមទាំងទាមទារឲ្យកែទម្រង់វិស័យប្រព័ន្ធយុត្តិធម៌។ ចំណែកប្រជាពលរដ្ឋថៃមួយចំនួនដែលស្រឡាញ់សិទ្ធិមនុស្សនិងស្អប់ខ្ពើមអំពើអយុត្តិធម៌ គឺបានធ្វើពហិការមិនផឹកភេសជ្ជៈគោជល់ របស់ក្រុមហ៊ុន Red Bull ទៀតផង៕
ដោយ៖សេរី ឧត្តម
