នាយករដ្ឋមន្រ្តីអ៊ុយក្រែនស្វែងរកជំនួយយោធាបន្ថែម ក្នុងដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់
អាល្លឺម៉ង់៖នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ុយក្រែន លោក ដេនីស ឆ្មៃយ៍ហ្គល (Denys Shmygal) បានធ្វើដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យទី០៤ ខែកញ្ញាឆ្នាំ២០២២ ដើម្បីស្វែងរកជំនួយសព្វាវុធបន្ថែមទៀតពីរដ្ឋជាសមាជិកអង្គការណាតូមួយនេះ ក្នុងជំនួបជាមួយអធិការបតីលោក អូឡាហ្វ៍ ស្ស៊ុល (Olaf Scholz) នៅទីក្រុងប៊ែរឡាំង។
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ គឺជាសញ្ញាបង្ហាញពីការធូរស្រាលនៃភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីអាល្លឺម៉ង់ស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធធុនធ្ងន់ឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែ នៅទីបំផុតទៅ អាល្លឺម៉ង់បានសម្រេចផ្ដល់អាវុធធុនធ្ងន់ជាជំនួយដល់អ៊ុយក្រែន ដូចជារថក្រោះ Howitzer 2000 នៅចុងខែមិថុនា និងប្រព័ន្ធបាញ់រ៉ុក្កែតបានច្រើន MARS II នៅដើមខែសីហា។ ក្នុងដំណើរទស្សនកិច្ចដដែល លោក ឆ្មៃយ៍ហ្គល បានលើកសរសើថា អាវុធធុនធ្ងន់ទាំងនេះដំណើរការបានយ៉ាងល្អនៅក្នុងសមរភូមិ។
ខណៈអ៊ុយក្រែនកំពុងសម្រុកប្រយុទ្ធជាមួយរុស្ស៊ីនៅសមរភូមិជួរមុខភាគខាងត្បូង និងខាងកើត ដំណើរទស្សនកិច្ចរបស់លោក ឆ្មៃយ៍ហ្គល ក៏ជាការស្វែងរកជំនួយអាវុធទំនើបផ្សេងទៀតផងដែរ។ លោក ឆ្មៃយ៍ហ្គល អះអាងថា ប្រព័ន្ធការពារអាកាសអាល្លឺម៉ង់ Iris-T រំពឹងថា នឹងដឹកទៅដល់អ៊ុយក្រែននៅរដូវរងាខាងមុខ ហើយសង្ឃឹមថា៖ «អាល្លឺម៉ង់នឹងក្លាយជាប្រទេសនាំមុខមួយ ក្នុងដំណើរការអភិវឌ្ឍវិស័យការពារអាកាសអ៊ុយក្រែន»។
កាលពីថ្ងៃចន្ទសប្ដាហ៍មុន លោក អូឡាហ្វ៍ និយាយថា អាល្លឺម៉ង់បានទទួលយកការទទួលខុសត្រូវពិសេស ដើម្បីជួយជំរុញអ៊ុយក្រែនលើប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធការពារអាកាស។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឆ្មៃយ៍ហ្គល ធ្វើឡើងមុនពេលរដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធភាពយោធាណាតូ រំពឹងថាទៅដល់អាល្លឺម៉ង់នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំដឹកនាំដោយសហរដ្ឋអាមេរិក លើការសម្របសម្រួលពីតម្រូវការយោធារបស់អ៊ុយក្រែន។
ប៉ុន្មានខែចុងក្រោយនេះ ជំនួយសព្វាវុធធុនធ្ងន់ពីបណ្ដាប្រទេសណាតូធំៗ គឺថាមពលដ៏ខ្លាំងក្លារបស់អ៊ុយក្រែន ក្នុងការតយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានរុស្ស៊ី ដែលកំពុងកាន់កាប់តំបន់ភាគខាងត្បូង និងខាងកើតរបស់ខ្លួន។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា ដណ្ដើមការកាន់កាប់ពីរុស្ស៊ី លើតំបន់សំខាន់ៗចំនួនពីរ នៅភាគខាងត្បូង និងមួយនៅភាគខាងកើត បន្ទាប់ពីចាប់ផ្ដើម«ប្រតិបត្តិការប្រឆាំងនឹងការឈ្លានពាន»កាលពីសប្ដាហ៍មុន៕
ដោយ៖ហួន ឌីណា