ប្រទេសឈីលី៖ ពលរដ្ឋបោះឆ្នោតមិនទទួលយកសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលជំនួសរដ្ឋធម្មនុញ្ញផ្តាច់ការចាស់
ឈីលី៖នៅប្រទេសឈីលី ពលរដ្ឋបានបោះឆ្នោតច្រានចោលសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងដោយសមាជិកសភា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២២។ តាមលទ្ធផលបោះឆ្នោត មានពលរដ្ឋជិត ៦២ភាគរយ ក្នុងចំណោមអ្នកចូលរួមបោះឆ្នោតសរុប ១៥លាននាក់ បានបោះឆ្នោតបដិសេធ។ តាមរយៈលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ ប្រទេសឈីលីនឹងត្រូវបន្តប្រើរដ្ឋធម្មនុញ្ញចាស់ដដែល ដែលបង្កើតឡើងតាំងពីសម័យផ្តាច់ការរបបយោធាតាំងពីជាង ៤០ឆ្នាំមុន ចន្លោះឆ្នាំ ១៩៧៣និង១៩៩០។
ប្រធានាធិបតីថ្មីវ័យក្មេងលោក ហ្កាប្រ៊ីយែល បូរិក ដែលមានមហិច្ឆតានាំយកឈីលីទៅកាន់ការបើកទំព័រសករាជថ្មីស្រឡាង ចាកចេញពីរបបផ្តាច់ការចាស់ទាំងស្រុងបានប្រកាសទទួលស្គាល់ និងគោរពលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់លោក។
គួរជម្រាបថា គំនិតផ្តួចផ្តើមឱ្យមានរដ្ឋធម្មនុញ្ញថ្មីនេះ បានផ្តើមធ្វើឡើងនៅក្រោយមានមហាបាតុកម្មទូទាំងប្រទេសឈីលី កាលពីខែកញ្ញា ឆ្នាំ២០១៩ អំឡុងផ្ទុះវិបត្តិជំងឺកូវីដ១៩។ ជាបាតុកម្មប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញចាស់ ដែលក្រុមបាតុករយល់ថា ហួសសម័យ និងមិនយុត្តិធម៌សម្រាប់សង្គមបច្ចុប្បន្ន។ នៅមុនពេលក្រុមតំណាងរាស្ត្រតាក់តែងរដ្ឋធម្មនុញ្ញថ្មីនេះ ក៏មានការរៀបចំឱ្យមានការបោះឆ្នោតប្រជាមតិមួយ ជាមួយនឹងការគាំទ្រ៨០% កាលពីឆ្នាំ២០២០។
យ៉ាងណាក៏ដោយ លទ្ធផលបោះឆ្នោតប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មថ្មីនៅឈីលីនេះ គឺមិនខុសពីអ្វីដែលគេរំពឹងទុកឡើយ ព្រោះថា ខ្លឹមសារមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញថ្មីនេះ មានចែងពីបញ្ហាមួយចំនួនដែលប្រជាជនឈីលីខ្លះ រារែកមិនយល់ស្រប។ បញ្ហាទាំងនោះមានដូចជា ការទទួលស្គាល់រដ្ឋពហុជាតិឬពហុតំបន់ រួមទាំងការទទួលស្គាល់ប្រជាជនម្ចាស់ស្រុក ឬប្រជាជនដើម ដែលមានប្រមាណជា ១២,៨ភាគរយនៃប្រជាជនឈីលី។
អ្នកវិភាគស្ថានការណ៍នៅឈីលីបារម្ភថា ភាពបរាជ័យនៃការទទួលរដ្ឋធម្មនុញ្ញថ្មី ទំនងជាអាចពុះចែកសង្គមឈីលីជាពីរ។ លើសពីនេះ វាក៏អាចបង្កឱ្យមានការផ្ទុះបាតុកម្មជាថ្មី ពិសេសបាតុកម្មពីក្រុមយុវជន ក្រុមសិស្ស និស្សិត ដែលមានជំហរគាំទ្រយ៉ាងខ្លាំងចំពោះរដ្ឋធម្មនុញ្ញថ្មីនេះ៕
ដោយ៖បណ្ដូល ពេជ្រ