មនុស្ស​១០នាក់ស្លាប់ នៅក្នុងហេតុការណ៍ចាក់រះដោយកាំបិត នៅកាណាដា

កាណាដា៖នៅ​ថ្ងៃ​​អាទិត្យ ទី​០៤ ខែ​កញ្ញា​ម្សិលមិញ មានមនុស្ស​យ៉ាង​ហោច​ណាស់​ ១០ នាក់​ បាន​ស្លាប់​ និង​ ១៥​ នាក់​ផ្សេង​​ទៀត​បាន​រង​របួស​ បន្ទាប់​ពីជន​ដៃ​ដល់ម្នាក់ បើក​​​​​ការ​ចាក់រះ​​​ដោយ​កំបិត​ចុង​ស្រួច​ជា​បន្ត​បន្ទាប់​គ្នា​ទៅ​លើ​ពួក​គេ។

ជំនួយ​ការ​ស្នង​ការ​ប៉ូលិស​​កាណាដា​ប្រចាំ​តំបន់​លោកស្រី​​​ Rhonda Blackmore ​ថ្លែងឲ្យដឹងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា​ ជន​រង​គ្រោះ​ទាំង​អស់ ​រស់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ភាគ​តិច ​James Smith Cree Nation ​និងទីក្រុង​​ Weldon ស្ថិតក្នុង​​ខេត្ត​​ Saskatchewan ​​ភាគ​​កណ្ដាលនៃប្រទេស​​​កាណាដា​។​ លោកស្រី​​   Blackmore បញ្ជាក់​ថា​ ជន​ដៃ​ដល់​បានបើកការ​វាយ​ប្រហារដោយកាំបិតនេះ ​​​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀតជាបន្តបន្ទាប់គ្នា​ ចំនួន១៣ទីតាំង​​។

បន្ទាប់​ពី​​មាន​ការ​រាយ​ការណ៍​​​ពី​ប្រជាជន​និង​​​ប្រមូល​បាន​ភស្តុតាង​​ផ្សេង​ៗ​គ្នា​​ ប៉ូលិស​បាន​កំណត់អត្តសញ្ញាណ​​ជន​សង្ស័យ ​ជា​បុរស​វ័យ​​៣០​ឆ្នាំ​ចំនួនពីរនាក់ ហើយ​បើកប្រតិបត្តិការ​តាម​ចាប់​​ពួក​គេ​ ដោយ​​​​ព្រមានឱ្យ​​ប្រជាជន​​​រស់​នៅ​ក្នុង​តំបន់ជុំ​វិញ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​​​ខ្ពស់​។

មក​ទល់​ពេល​នេះ​ ប៉ូលិស​មិន​ទាន់​អាច​កំណត់​បាន​ថា ​បុរស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជាមួយ​​គ្នា​ ​ក្នុង​ការ​វាយ​ប្រហារ​ទាំង​ ១៣ កន្លែងឬ​​អត់​​នោះ​ទេ។ ចំណែក​ហេតុ​ផល​​នៅពីក្រោយការវាយប្រហាររបស់​ខ្មាន់កាំបិតនេះ ក៏ពុំទាន់ដឹងច្បាស់នៅឡើយ​ដែរ​។​

ក្រោយ​ការ​វាយ​ប្រហារ​ សហគមន៍​​ James Smith Cree Nation បាន​ប្រកាស​ដាក់​សហគមន៍​ក្នុង​​ស្ថាន​ភាព​អាសន្ន ​​រហូត​ដល់​ថ្ងៃ​ទី​ចុង​ខែ​កញ្ញា​នេះ​។ ជាមួយ​គ្នា​នោះ​ ប៉ូលីស​​ខេត្ត​​ Saskatchewan និង​ខេត្ត​ក្បែរ​ខាង Alberta និងខេត្ត​ Manitoba ក៏​បាន​​​ជូន​ដំណឹង​អំពី​ជន​សង្ស័យ​​នៅ​ទូទាំងបណ្ដា​​ខេត្ត​​ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​បុរស​​ទាំង​២​ ត្រូវ​បាន​​គេ​ឃើញ​ចុង​ក្រោយ​នៅ​ក្រុង Regina ចម្ងាយ​ប្រហែល​ ៣២០ គីឡូម៉ែត្រ​ពី​តំបន់​កើត​ហេតុ​៕

ដោយ៖ហួន ឌីណា

ads banner