សារមន្ទីរជាតិ នឹងរៀបចំបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «ទឹក និងអារ្យធម៌ខ្មែរ» នៅថ្ងៃទី០៩កញ្ញា 
សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ នឹងរៀបចំបាឋកថាតាមអនឡាញ អំពី «មរតកបេតិកភណ្ឌវប្បធម៌ តាមបណ្ដោយបឹងទន្លេសាបនិងទន្លេមេគង្គ» ដែលប្រធាន
បទលើកនេះគឺ «ទឹក និងអារ្យធម៌ខ្មែរ» បកស្រាយដោយលោកវាគ្មិន អ៊ឹម សុខរិទ្ធី ។ លោក អ៊ឹម សុខរិទ្ធី ជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ។
លោក អ៊ឹម សុខរិទ្ធី៖ «យើងនិយាយពីទីតាំងរស់នៅ ប្រពៃណីប្រចាំឆ្នាំ ដែលមានជាប់ពាក់ព័ន្ធនឹង
ទឹក ក្នុងរដូវប្រាំងវស្សា ។ ការទប់ស្កាត់ទឹកជំនន់ តាមរយៈការធ្វើពិធីបញ្ជៀសទឹកជំនន់ ។ រួមទាំងប្រពៃណីទាក់ទងនឹងទឹក ដែលកំពុងប្រតិបត្តិក្នុងសង្គមខ្មែរ។ យើងចង់ឲ្យដឹងថា ទឹកមានសារៈសំខាន់ដូចម្ដេចក្នុងអារ្យធម៌ខ្មែរ។»
លោកបន្ថែមថា ការថ្លែងរឿងនេះ មិនផ្តោតទៅលើទឹកដែលត្រូវយកទៅទទួលទាន ឬយកទៅធ្វើស្រែឡើយ ប៉ុន្តែផ្ដោតលើទឹកដែលមានការផ្សារភ្ជាប់ទៅនឹងអារ្យធម៌ខ្មែរ។ អ្វីដែលពិសេសជាងនេះ លោកនឹងបង្ហាញអំពីប្រពៃណី ទំនៀមទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរ ពាក់ព័ន្ធនឹងទឹក ព្រមទាំងប្រវត្តិនគរូបនីយកម្ម ការរៀបចំដែនដី និងផ្ទះសម្បែង ដែលទាក់ទងជាមួយទឹក។ លោក អ៊ឹម សុខរិទ្ធី ក៏នឹងលើកយកឧទាហរណ៍ អំពីការរៀបចំក្រុងតាំងពីសម័យបុរាណ រហូតមកដល់សព្វថ្ងៃ មកបង្ហាញដល់អ្នកចូលរួមស្ដាប់បាឋកថានេះផងដែរ ។
បើតាមការបញ្ជាក់របស់សារមន្ទីរជាតិកម្ពុជា បាឋកថានេះ ចាប់ផ្ដើមនៅម៉ោង ២និង៣០នាទីរសៀល ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា៕ហោ សុវិទ្យា