អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីនៅទីក្រុងប៉ោយប៉ែត នឹងផ្តល់ការអប់រំដល់កុមារតាមចិញ្ចើមផ្លូវ 

បន្ទាយមានជ័យ៖អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នៅទីក្រុងប៉ោយប៉ែត បានបើកសម្ពោធកាលពីថ្ងៃទី០២កញ្ញា ដើម្បីផ្តល់ការអប់រំដល់កុមារតាមចិញ្ចើមផ្លូវ កាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។ ពិធីសម្ពោធបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអង្គការដំណក់ទឹក នាថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ មានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីតំណាងម្ចាស់ជំនួយ និងអង្គការដៃគូ មានដូចជា អង្គការ Aide et Action (Action Education) អង្គការ Educate A Child (EAC) និង Manos Unidas។

អគារសិក្សាថ្មី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មី នៃអង្គការតំណក់ទឹក នៅទីក្រុងប៉ោយប៉ែត នឹងផ្តល់ការអប់រំដោយប្រើប្រាស់ កម្មវិធីរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារ បាត់បង់ឱកាសនៅកម្ពុជា(CCOSC)។ គឺជាកម្មវិធីអប់រំក្រៅប្រព័ន្ធសម្រាប់កុមារតាមចិញ្ចើមផ្លូវ និងកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។

 អគារថ្មីនេះមានបន្ទប់រៀនចំនួនបី ដែលអាចផ្ទុកសិស្សបានចំនួន ៤០នាក់ នៅថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដែលអាច​​បញ្ចូលកុមារចំនួន ៨០ នាក់បន្ថែមទៀតក្នុងឆ្នាំសិក្សា២០២៣។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នឹងត្រូវប្រើប្រាស់ជាកន្លែងសម្រាប់ធ្វើសកម្មភាពទាក់ទងនឹងយុវជន សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍សហគមន៍។

លើសពីនេះ អគារថ្មីនេះត្រូវបានរចនាឡើង ដើម្បីឱ្យអ្នកមានពិការភាពអាចចូលទៅដល់បាន ដើម្បីជួយសម្រួលដល់ការដាក់បញ្ចូលកុមារដែលមានពិការភាព នៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ ហើយផ្លូវចូល និងថ្នាក់រៀនទាំងអស់ត្រូវបានបំពាក់ដោយផ្លូវជម្រាល។

ការសាងសង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២២ ហើយត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២២ ដោយប្រើថវិកាសរុប ១០៧,៨១២ ដុល្លារ។ ក្នុងនោះ ៥៣,៩០៦ដុល្លារ ត្រូវបានសហការផ្តល់មូលនិធិដោយ Educate A Child (EAC) និង Aide et Action (Action Education) ខណៈថវិការបន្ថែមចំនួន៥៣,៩០៦ដុល្លារ ផ្ដល់ដោយ Manos Unidas ។

សូមជម្រាបដែរថា អគារសិក្សាមួយនេះ ជាផ្នែកមួយនៃគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីនេះ នឹងផ្តល់លទ្ធភាពទទួលបានការអប់រំសម្រាប់កុមារងាយរងគ្រោះ និងនៅក្រៅសាលា ក្នុងគោលបំណងធ្វើសមាហរណកម្មពួកគេទៅក្នុងប្រព័ន្ធសាលារៀនសាធារណៈ៕ ដោយ៖ហ្វីន ហ្វ្រីដា

ads banner