អាជ្ញាធរ៖ ករណីគ្រឿងញៀនបន្តកើនឡើងខ្ពស់ព្រោះឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់
ភ្នំពេញ៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថាករណីគ្រឿងញៀននៅកម្ពុជាចេះតែបន្តកើនឡើងខ្ពស់ ព្រោះឧក្រិដ្ឋជនមានអង្គការចាត់តាំងត្រឹមត្រូវ ព្រមទាំងមានភាពរវៀសរវៃ ដែលជាហេតុធ្វើឲ្យលំបាកដល់សមត្ថកិច្ចធ្វើការបង្ក្រាប។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីនាយកដ្ឋាននគរបាលជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ADP) បញ្ចេញរបាយការណ៍បង្ហាញពីករណីគ្រឿងញៀនដែលបន្តកើនឡើងជាគំហុក។
នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកមាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន CPA ថា អាជ្ញាធរបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបករណីគ្រឿងញៀនខ្លាំងណាស់ ប៉ុន្តែសមត្ថភាពរបស់ឧក្រិដ្ឋជនគ្រឿងញៀនវិញក៏មិនធម្មតាដែរ។ ពួកគេ មានអង្គការចាត់តាំងច្បាស់លាស់ក្នុងប្រតិបត្តិការចែកចាយគ្រឿងញៀននិងមានឧបករណ៍ទំនើបៗបម្រើដល់សកម្មភាពទុច្ចរិត ហើយពួកគេធ្វើការយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ចំណែកអាជ្ញាធរវិញត្រូវការសម្រាក។
លោក មាស វិរិទ្ធ បានគូសបញ្ជាក់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនដូច្នេះថា៖ «សព្វថ្ងៃ យើងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំព្យាយាមបង្ក្រាបបញ្ហាគ្រឿងញៀនណាស់ ទាំងក្នុងក្របខណ្ឌរដ្ឋ តំបន់អាស៊ាន និងពិភពលោកទាំងមូលរួមគ្នាខ្ទប់ការចរាចរណ៍គ្រឿងញៀន ពីតំបន់ផលិតនិងការប្រើប្រាស់ ព្រមទាំងការបំផ្លាញខ្សែរយៈអង្គការចាត់តាំងផលិតគ្រឿងញៀន ដោយការផ្លាស់ប្តូរព័ត៌មានរហ័សឲ្យគ្នាទៅវិញទៅមកតាមរយៈសមត្ថកិច្ចអនុវត្តច្បាប់»។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងថា មូលហេតុដែលនាំឲ្យចំនួនករណីគ្រឿងញៀននៅតែបន្តកើនឡើងដូច្នេះ ក៏ព្រោះតែកម្ពុជាមានកម្សោយលើការអនុវត្តន៍ច្បាប់។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ខែនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀនចំនួន ១០,៥៤៥នាក់ ក្នុងនោះមានជនបរទេស ១៥៤នាក់ សរុប ៤,៣៨៤ករណី។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយនាយកដ្ឋាននគរបាលជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖សំបាន ច័ន្ទដារ៉ា