បារាំង-អាល្លឺម៉ង់នឹងជួយគ្នាទៅវិញទៅមកទប់ទល់នឹងវិបត្តិថាមពល
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះប្រកាសថា បារាំង-អាល្លឺម៉ង់នឹងជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់វិបត្តិថាមពល ខណៈដែលរដូវរងានឹងមកដល់នាខាងមុខនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ លោក ម៉ាក្រុង បាននិយាយថា បារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឧស្ម័នបន្ថែមទៀតដល់អាល្លឺម៉ង់ ប្រសិនបើវិបត្តិថាមពលបច្ចុប្បន្ននៅតែបន្តកើតមានក្នុងរដូវរងា ។
លោក ម៉ាក្រុង បន្តថា លោកពេញចិត្តចំពោះវិធានការសាមគ្គីភាពនៅកម្រិតអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិថាមពលបច្ចុប្បន្ន។ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីថាមពលរបស់សហភាពអឺរ៉ុប (EU) លោក ម៉ាក្រុង បានបញ្ជាក់ថា លោកគាំទ្រការកំណត់តម្លៃលើឧស្ម័នដែលបានទិញពីប្រទេសរុស្ស៊ីនៅកម្រិតសហភាពអឺរ៉ុប។
ទន្ទឹមគ្នា លោក ម៉ាក្រុង បានធានាដល់ជនរួមជាតិរបស់គាត់ថា ប្រទេសបារាំងមិនស្ថិតក្នុងស្ថានភាពសម្រាប់ការបែងចែកថាមពលនោះទេ ប៉ុន្តែបានអំពាវនាវឱ្យប្រជាជនកំណត់កំដៅដល់ ១៩អង្សាសេ ដើម្បីសន្សំសំចៃថាមពល។
ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើយើងចេះរួមគ្នាធ្វើអាកប្បកិរិយាកាន់តែសុភាព និងសន្សំសំចៃថាមពលនៅគ្រប់ទីកន្លែង នោះនឹងមិនមានការបែងចែក ឬកាត់បន្ថយឡើយ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


