សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ញឹម តេង
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សព មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣:៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះបីរូបការរបស់ មហាឧបាសិកា ញឹម តេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍ ។
សម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ញឹម តេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ / គ្រី សម្បត្តិ



