សហរដ្ឋអាមេរិកថា រុស្ស៊ីមិនគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្មឡើយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះថ្លែងថា ប្រទេសរុស្ស៊ីមិនគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្មឡើយ ទោះបីជាអ៊ុយក្រែនជំរុញឱ្យមានការធ្វើបែបនេះ ចំពេលមានការឈ្លានពានពីរុស្ស៊ីក៏ដោយ ខណៈដែលទីក្រុងម៉ូស្គូក៏បានព្រមានហើយថា ទង្វើនេះអាចនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងរវាងអាមេរិក និងរុស្ស៊ី ។
នៅពេលត្រូវបានសួរថាតើរុស្ស៊ីគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកកម្មដែរឬក៏យ៉ាងណា? លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា រុស្ស៊ីមិនគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្មឡើយ ។
ទោះបីជាយ៉ាងណា សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ជឿជាក់អាចទទួលបានការគាំទ្រជាឯកច្ឆន្ទនៅក្នុងព្រឹទ្ធសភាអាមេរិក លើការកំណត់ថារុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម ។
បច្ចុប្បន្នសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទាំងមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបាននិងកំពុងជំរុញឱ្យមានការអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងកំណត់ដាក់រុស្ស៊ីទៅក្នុងចំណោមរដ្ឋគាំទ្រភេរវកម្ម ដូចជាអ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើងជាដើម ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា


