ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ទួន យ៉ាត អនុប្រធានផ្នែក និងសមាជិកផ្នែកឃោសនាអប់រំ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។

ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើសួរព្រះរាជសុខភាព និង ថ្វាយ ព្រះ ពរ ជ័យ បវរ សួស្ដី សិរីមង្គល វិបុល សុខ មហា ប្រសើរ ពីសំណាក់ សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ។

ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះព្រះវីរភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចជាអម្ចាស់ ដែលបានយាងចូលរួម លើកស្ទួយវិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តារកសាងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រេីនជារៀងរហូតមក ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី
បានបម្រេី វិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារហើយបានបួសជាសង្ឃក្នុងមជ្ឈិមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដូចប្រជាជនកម្ពុជាទូទាំងប្រទេសដែរ។

សម្តេចជាអម្ចាស់មានព្រះរាជបន្ទូលកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំមោះមុត មានចំណេះដឹង គុណធម៍ សីលធម៍ សច្ចៈ ខន្តី និងកតញ្ញូ ស័ក្កសមជាអ្នកបន្តវេនទៅអនាគត។

ជាចុងក្រោយ សម្តេចជាអម្ចាស់បានផ្តាំផ្ញើថា ធ្វើការងារអ្វីក៏ដោយ ត្រូវមានស្មារតីសាមគ្គីគ្នា សាមគី្គ សាមគ្គានំ តបោ សុខោ (សាមគ្គី រមែងនាំមកនូវសេចក្តីសុខ) មានសាមគ្គី រស់ បែកបាក់សាមគ្គី ស្លាប់ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ លោក ទួន យ៉ាត និងសមាជិកបានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ផ្ដល់ឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner