រុស្ស៊ីអនុម័តគោលនយោបាយការបរទេសថ្មីមួយ ផ្អែកលើគោលគំនិត “ពិភពលោករុស្ស៊ី”

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តគោលនយោបាយការបរទេសថ្មីមួយ ដោយផ្អែកលើគោលគំនិតនៃ “ពិភពលោករុស្ស៊ី”។

គោលនយោបាយមនុស្សធម៌ ដែលមានកម្រាស់ ៣១ទំព័រ ដែលបញ្ចេញក្នុងរយៈពេលជាង ៦ខែនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បានបញ្ជាក់ថា ប្រទេសរុស្ស៊ីគួរតែការពារ និងជំរុញប្រពៃណី ព្រមទាំងឧត្តមគតិនៃពិភពលោករុស្ស៊ី។

គោលនយោបាយថ្មីនេះបានបញ្ជាក់ថា រុស្ស៊ីគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិស្លាវី ចិន និងឥណ្ឌា ហើយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក ពូទីន បានគូសបញ្ជាក់នូវអ្វីដែលលោកមើលឃើញថា ជាជោគវាសនាសោកនាដកម្មរបស់ជនជាតិរុស្សីប្រហែល ២៥លាននាក់ ដែលរស់នៅទាំងលំបាកនៅក្រៅប្រទេសរុស្ស៊ីក្នុងរដ្ឋឯករាជ្យថ្មី នៅពេលដែលសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍មួយដែលលោកហៅថា “មហន្តរាយភូមិសាស្ត្រនយោបាយ”។

ជាងនេះទៅទៀត រុស្ស៊ីនៅតែចាត់ទុកអតីតរដ្ឋសូវៀត ចាប់ពីបាល់ទិក រហូតដល់អាស៊ីកណ្តាលថា ជាផ្នែកនៃឥទ្ធិពលស្របច្បាប់របស់ខ្លួន ប៉ុន្តែគំនិតនេះត្រូវបានទប់ទល់យ៉ាងខ្លាំងដោយប្រទេសជាច្រើន រួមទាំងលោកខាងលិចផងដែរ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner