ឥណ្ឌា នឹងវ៉ាជប៉ុន ទៅក្តាប់តំណែងជាមហាអំណាច សេដ្ឋកិច្ច ទី៣ នៅឆ្នាំ២០២៩

ឥណ្ឌា៖ប្រទេសឥណ្ឌា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច លំដាប់ ទី៣ នៅលើពិភពលោកនាឆ្នាំ២០២៩ខាងមុខ ដោយវ៉ាឈ្នះជប៉ុននិងឈរពីក្រោយតែសហរដ្ឋអាមេរិកនិងចិនប៉ុណ្ណោះនេះបើយោងតាមរបាយការណ៍របស់ធនាគាររដ្ឋនៃប្រទេសឥណ្ឌា (SBI) ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣ កញ្ញាឆ្នាំ២០២២ ។

ដោយសារកំណើននៅក្នុងវិស័យសំខាន់ៗជាច្រើនដូចជា វិស័យកសិកម្ម សេវាកម្ម និងសំណង់ជាដើម កំណើន ផលិត ផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី១ សម្រាប់ឆ្នាំ ២០២២-២០២៣ មានចំនួន ១៣,៥ភាគរយ។អត្រានេះបង្ហាញ ថាឥណ្ឌាទំនងជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនខ្លាំងបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចរបស់ SBI បានព្យាករថា តាមអត្រាកំណើនផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន ឥណ្ឌាអាចនឹងវ៉ាដាច់ប្រទេសអាល្លឺម៉ង់នៅឆ្នាំ ២០២៧ ហើយក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ៤។បន្តមក អាចនឹងឈានទៅវ៉ាឈ្នះជប៉ុនទៀត ដោយក្លាយជាមហា អំណាចសេដ្ឋកិច្ចលំដាប់ទី៣ របស់ពិភពលោកនាឆ្នាំ ២០២៩ខាងមុខ។ នេះគឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ មួយរបស់ឥណ្ឌាដែលជាមហាអំណាចអាស៊ី។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានឆ្លងកាត់ការផ្លាស់ប្តូ ររចនា សម្ព័ន្ធ ដ៏ធំ រាប់ចាប់តាំងពីឆ្នាំ ២០១៤ ហើយបច្ចុប្បន្នគឺ ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥។ គឺជារឿង ដ៏គួរឲ្យចាប់អារម្មណ៍ ខ្លាំងមួយដែរដែលកាលពីចុង ខែមីនា ឆ្នាំ២០២២នេះឥណ្ឌាអាចជែងហួសចក្រភពអង់គ្លេសដែលធ្លាប់ជាអតីតម្ចាស់អាណានិគមហើយបានឡើងក្លាយមហាអំណាចសេដ្ឋកិច្ចទី៥របស់ពិភពាលោក។នេះបើយោងតាម សារព័ត៌មាន Bloomberg។

យ៉ាងណាក៏ដោយ សេដ្ឋវិទូមួយចំនួនយល់ឃើញថា កំណើន ផលិតផលក្នុងស្រុកសរុប មិនមែនជារង្វាស់ពិតប្រាកដ នៃភាពរុងរឿងរបស់ប្រទេសណាមួយនោះឡើយ។ ប៉ុន្តែ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗវិញទេដែលគឺជាកត្តាវាស់វែងភាពជឿនលឿនរីកចម្រើននៃប្រទេសនីមួយៗ។
យោងតាមតួលេខចុងក្រោយបំផុតរបស់រដ្ឋាភិបាលឥណ្ឌា ប្រាក់ចំណូលពលរដ្ឋម្នាក់ៗរបស់ឥណ្ឌា ឬប្រាក់ចំណូលជា មធ្យម ដែលរកបានក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ នៅតែមានកម្រិត ទាបគួរឲ្យព្រួយបារម្ភ បើប្រៀបធៀបនឹងចំណូលដែលរកបាន ដោយប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតមានជាអាទិ៍ បារាំង អង់គ្លេស កាណាដា និងអាល្លឺម៉ង់៕
ដោយ៖លី លីយ៉ា

ប្រភព៖ In charts: India likely to overtake Japan as third-largest economy by 2029

ads banner