ឯកឧត្តម ប៊ូ ជុំសេរី៖ ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា បានមានប្រសាសន៍ថា ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន បន្ទាប់ពីដំណើរការការតស៊ូមតិ ប្រមូលធាតុចូល ក្នុងកិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនលើក ការតាក់តែងសេចក្តីព្រាងច្បាប់នេះ ។ កាថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគល់ប័ណ្ណសសើរជូនដល់សមាជិក សមាជិកា នៃគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលបានចូលរួមរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ បន្ថែមថា ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ បានចំណាយពេល៣ឆ្នាំ ទម្រាំសម្រេចបាននូវសមិទ្ធផលជាជំហានធំនេះ ពីព្រោះថា ការតាក់តែងនេះបានប្រមូលធាតុចូលពីក្រុមអ្នកជំនាញក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ រួមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើនអ្នកជំនាញច្បាប់ រួមទាំងបានបញ្ជូលបន្ថែម កែសម្រួលជាច្រើនលើកច្រើន។ ជាមួយនឹងការខិតខំប្រឹងប្រែងរយៈពេលដ៏យូរ ទីបំផុតការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់ និងសម្រេចបានជាលទ្ធផលមួយជំហានធំ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអស់ពីលទ្ធភាពរបស់សមាជិក សមាជិកាទាំងអស់ នៃគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដោយទទួលបានលិខិតសរសើរនាពេលនេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានឹងត្រូវបន្តឆ្លងជាច្រើនដំណាក់កាលទៀត នៅគណៈរដ្ឋមន្ត្រី មុនពេលសម្រេច និងបញ្ជូនទៅសភាជាតិ។ បន្ទាប់ពីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួររំលឹកថា គណៈកម្មការសិក្សាស្រាវជ្រាវតាក់តែងច្បាប់អនុគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងចូលរួមអង្គប្រជុំប្រមាណ ១២៦លើក ជុំវិញការប្រមូលធាតុចូល ក្នុងការរៀបចំតាក់តែងច្បាប់កីឡានេះ ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ នេះជាភាពជោគជ័យមួយជំហាន ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សេចក្តីព្រាងច្បាប់នេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាករកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner