ប្រេសិតពិសេសអ.ស.ប បញ្ជាក់ថាមិនមកជាន់ ដីមីយ៉ាន់ម៉ា ទៀតឡើយ បើមិនឲ្យជួបលោកស្រីស៊ូជី

អ.ស.ប៖ប្រេសិតពិសេសមីយ៉ាន់ម៉ារបស់អង្គការ សហប្រជាជាតិ (អ.ស.ប)ប្តេជ្ញាមិនមកកាន់ប្រទេសមីយ៉ាន់ម៉ាទៀតទេ ប្រសិន បើរបបយោធា មិនព្រមឲ្យលោកស្រីជួបជាមួយលោកស្រី អ៊ុង សានស៊ូជីប្រេសិតពិសេសរូបនេះមើលមិនឃើញពីអនាគតនៃដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាទេ ព្រោះអំណាច ដឹកនាំដោយលោក មីន អ៊ុងលាំង មិនបង្ហាញពីការចូលរួម ដោយពិតប្រាកដ។

លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់ អ.ស.ប ក្នុងសិក្ខាសាលានៅវិទ្យាស្ថានមួយក្នុងប្រទេសសិង្ហបុរីនៅថ្ងៃចន្ទទី៥ខែកញ្ញាឆ្នាំ២០២២បាននិយាយថាដំណើរទស្សនកិច្ចជាថ្មីរបស់លោកស្រីទៅប្រទេសមីយ៉ាន់ម៉ានាពេលអនាគតអាចកើតមានឡើងបាន ដរាបណាលោកស្រីអាចជួបជាមួយលោកស្រី អ៊ុង សានស៊ូជី។

ជុំវិញដំណើរស្វែងរកដំណោះស្រាយវិបត្តិភូមានេះ លោកស្រី Noeleen Heyzerបានព្រមានពីមហន្តរាយធ្ងន់ធ្ងរ រាលដាល នៅក្នុងតំបន់អាស៊ានប្រសិនបើអាស៊ាននិងអន្តរជាតិមិនប្រឹងប្រែងរកច្រកចេញសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកស្រី អ៊ុង សានស៊ូជី តំណាងមាតាប្រជាធិបតេយ្យ មីយ៉ាន់ម៉ាត្រូវបានតុលាការរបបសឹកសម្រេចឱ្យជាប់ពិរុទ្ធ ចំពោះបទល្មើសជាច្រើនដែលត្រូវបានផ្តន្ទាទោសគិតជាសរុបចំនួន២០ឆ្នាំ។លោកស្រីត្រូវបានតុលាការចាប់ខ្លួនភ្លាមៗ ក្រោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោកស្រី នៅឆ្នាំ២០២០។

គួរជម្រាបថា អ.ស.ប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»បានតែងតាំងប្រេសិត រៀងខ្លួនៗដើម្បី ជួយសម្របសម្រួលស្វែងរកដំណោះស្រាយឲ្យវិបត្តិនយោបាយនៅភូមាដែលអូសបន្លាយតាំងពីក្រោយរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អ.ស.ប បានធ្វើដំណើរទៅភូមាលើកដំបូង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តែពុំបានជជែកជាមួយមេដឹកនាំរបបសឹកនោះទេ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ លោកស្រីប្រេសិត ពិសេស អ.ស.ប បានជួបទល់មុខជាមួយមេដឹកនាំរបបយោធា ជាលើក ទី១ ដើម្បីដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ និងការពិចារណាបញ្ជូនលោកស្រី អ៊ុង សានស៊ូជី ពីពន្ធនាគារឲ្យ ទៅជាប់ឃុំនៅក្នុងផ្ទះវិញ។ ក្រោយបញ្ចប់ជំនួបនោះ ប្រមុខ ដឹកនាំរបបយោធាបានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពី លទ្ធភាព ចរចាបញ្ចប់វិបត្តិនយោបាយនៅភូមា ជាមួយលោក អ៊ុង សានស៊ូជី។ តែការចរចានោះ អាចធ្វើទៅបាន លុះត្រាតែដំណើរ ការជំនុំជម្រះលោកស្រី នៅតុលាការត្រូវបិទបញ្ចប់ជាមុនសិន។ លោក មីង អ៊ុងឡាំង ប្រមុខដឹកនាំយោធាបានលើកឡើង ទៀត ថា វិបត្តិនយោបាយនៅភូមាអាចដោះស្រាយបាន ក៏អាស្រ័យ ផងដែរទៅលើជំហររបស់លោកស្រីស៊ូជីចំពោះការចរចានេះ៕
ដោយ៖បណ្តូលពេជ្រ

ads banner