ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំបានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖ក្រោយបាត់វត្តមានពីស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាង ៣០ ឆ្នាំ ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំ បានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។ បច្ចុប្បន្ន ព្រះពុទ្ធ បដិមា កំពុងស្ថិតនៅវត្ត ចន្ទប្បជោត្តនារាម ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ព្រះពុទ្ធបដិមាដែលគេបានរកឃើញនេះ មានអាយុ កាលជាង ១០០ឆ្នាំ កសាងពីលោហៈធាតុ ក្នុងសម័យព្រះបាទ នរោត្តម និងមានទម្ងន់ជាង ២០គីឡូក្រាម ។

លោក សុខ ធួក បានរៀបរាប់ថា៖ «យើងបានពិនិត្យម្ដងរួចទៅហើយ ប៉ុន្តែយើងនឹងដឹកនាំអ្នកជំនាញពីសារមន្ទីរជាតិ និងពីមន្ទីរវប្បធម៌ខេត្ត កំពង់ឆ្នាំង ចុះទៅពិនិត្យជាថ្មីម្ដងទៀត ដើម្បីចុះបញ្ជីព្រះបដិមាអង្គនេះ ជាសម្បត្តិបេតិកភណ្ឌជាតិក្រៅឃ្លាំង និងស្នើសុំឲ្យគ្រូចៅអធិការ និង គណៈកម្មការវត្តធានាថែរក្សាឲ្យបានគង់វង្ស»។
គួរកត់សម្គាល់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា សម្បត្តិវប្បធម៌ ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលវត្ថុបុរាណនិង វត្ថុសិល្បៈសរុបប្រមាណ ៩២៣០រូប វត្ថុជាតិពន្ធសាស្រ្តប្រមាណ ៥០៩មុខ ហើយរកឃើញនិងទទួលបានវត្ថុបុរាណរួមនិងវត្ថុសិល្បៈ ពីគ្រប់ប្រភពសរុបចំនួន ៣៤១៧៨រូបផងដែរ។ នេះបើយោងតាម លទ្ធផល ការងាររយៈពេល ៥ ឆ្នាំរបស់រដ្ឋាភិបាល ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១៕
ដោយ៖ហោ សុវិទ្យា

ads banner