តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែន រុស្ស៊ីចំណេញលុយ ១៥៨ ពាន់លានអឺរ៉ូ

រស្ស៊ី៖ជាងកន្លះឆ្នាំហើយដែលរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ រយៈ ពេលនេះ រុស្ស៊ីបានចំណេញលុយប្រមាណ ១៥៨ ពាន់លានអឺរ៉ូ ដោយសារ តែការលក់ឧស្ម័នអ៊ីដ្រូកាបូននិងចំណូលពន្ធ។ នេះបើ យោងតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីថាមពលនិងខ្យល់ស្អាត (CREA) ដែលចុះផ្សាយថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២២។

របាយការណ៍របស់មជ្ឈមណ្ឌលដដែលបានបញ្ជាក់ថា សង្គ្រាមនៅ អ៊ុយក្រែន ដែលគិតជាមធ្យម រដ្ឋបាលរុស្ស៊ីចំណាយប្រមាណជាង ១០០ពាន់លានអឺរ៉ូ។ ប៉ុន្តែ ប្រាក់ចំណូលថវិកាជាតិរុស្ស៊ី បានកើន ឡើងជាងចំណាយទ្វេដង។ នេះគឺបានមកពីចំណូលពន្ធ និងពន្ធដារ ព្រមទាំងការចំណេញពីការលក់ប្រេងនិងឧស្ម័ន។

បើទោះបីជាមានទណ្ឌកម្មជាច្រើនពីប្រទេសបស្ចឹមលោក ដែល បណ្តាលឲ្យរុស្ស៊ីនាំចេញប្រេងនិងឧស្ម័យតិចជាងមុន នៅកាន់ទីផ្សារ សហភាពអឺរ៉ុប ក៏ប៉ុន្តែចំនួនតិចមែន តែតម្លៃឡើងថ្លៃកប់ពពក។ ដូច្នេះ ការចំណេញ ក៏នៅតែមានច្រើនដែរ។ ឧទាហរណ៍ជាក់ស្តែង តម្លៃ ឧស្ម័ន បានហក់លោតឡើងខ្ពស់ស្ទើរតែ៣ដងបើធៀបនឹង ឆ្នាំ២០២១។ និយាយបែបផ្សេង ខែកក្កដានិងសីហា កម្រិតចំនួន ឧស្ម័ននាំចេញ គឺតិចជាង២៥ភាគរយ បើធៀបនឹងឆ្នាំមុន ក៏ប៉ុន្តែ តម្លៃប្រាក់ចំណូល គឺកើនលើសពី៣០ភាគរយនៃឆ្នាំចាស់។

នៅឆមាសទី១ សហភាពអឺរ៉ុប ជាប្រទេសនាំចូលឧស្ម័នរុស្ស៊ីច្រើន ជាងគេ គឺនាំមុខចិន តួកគី ឥណ្ឌា និងជប៉ុន។ ប្រទេសក្នុងអង្គការ សម្ព័ន្ធមិត្តអូតង់ក៏នៅតែបន្តទិញថាមពលពីរុស្ស៊ីផង។ នៅប៉ុន្មានខែ ចុងក្រោយនេះ មហាយក្សចិនចាប់អារម្មណ៍ខ្លាំងលើធ្យូងថ្មរបស់ របបក្រុងម៉ូស្កូ។ ពោលគឺខែកក្កដានិងសីហា រដ្ឋបាលក្រុងប៉េកាំង បានបញ្ជាទិញធ្យូងថ្មរបស់រុស្ស៊ីច្រើន ខណៈដែល អាល្លឺម៉ង់ បន្ថយការ ទិញពីរុស្ស៊ី។
ទោះជាម្តេចក្តី ថ្ងៃទី១០តុលាខាងមុខ គឺដល់ថ្ងៃកំណត់ដែលសហភាព អឺរ៉ុបត្រូវរឹតបណ្តឹងទណ្ឌកម្ម ទៅលើរុស្ស៊ី ជុំវិញការឈ្លានពាន អ៊ុយក្រែន។ អ្នកវិភាគមួយចំនួន មើលឃើញថា ចាប់ពីខែក្រោយទៅ រុស្ស៊ីអាចនឹងជួបការលំបាកក្នុងការរកទីផ្សារថ្មីនិងធំដូចសហភាពអឺរ៉ុប ហើយទំនងជារុស្ស៊ីរកទីផ្សារដូចសហភាពអឺរ៉ុប មិនបានផង ក៏អាចថា បាន៕
ដោយ៖សេរី ឧត្តម

ads banner