ជ្រូក រស់ កំពុង ធ្លាក់ថ្លៃដោយសារចិញ្ចឹម លើស តម្រូវ ការ

ភ្នំពេញ៖ ទីផ្សារ ជ្រូក រស់ ចិញ្ចឹម ក្នុង ស្រុក កំពុង ធ្លាក់ ថ្លៃ យ៉ាង គំហុក ក្នុង រយៈពេល ចុងក្រោយ នេះ ដោយសារកសិករ សម្រុក ចិញ្ចឹម ធ្វើ ឱ្យ លើស ពីតម្រូវការ។ ជ្រូករស់បានធ្លាក់ថ្លៃ ពី១២ ០០០រៀល មកនៅត្រឹមជាង៩ពាន់ រៀលប៉ុណ្ណោះ ។ប៉ុន្តែអ្នក ក្នុងវិស័យ ចិញ្ចឹមជ្រូកអះអាងថា សាច់ជ្រូក កំពុងលក់ នៅលើទីផ្សារមិនធ្លាក់ថ្លៃនោះទេ ដែលកំពុងធ្វើឱ្យប៉ះពាល់អ្នកចិញ្ចឹម និងអ្នកបរិភោគ។

លោក សួង វាសនា កសិករចិញ្ចឹមជ្រូក នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មាន CPA នៅថ្ងៃទី០៦ កញ្ញាថា បច្ចុប្បន្នលោកចិញ្ចឹមជ្រូកជិត១០០ក្បាល ប៉ុន្តែការចិញ្ចឹមជ្រូកនេះ កំពុងជួបបញ្ហាទីផ្សារជាខ្លាំង ដោយសារជ្រូកលក់បានថោក ក្នុង១គីឡូក្រាមនៅសល់ត្រឹម៩០០០រៀលប៉ុណ្ណោះ ខណៈកន្លងមកមានតម្លៃ១២០០០ រៀល។

លោកថ្លែងដូច្នេះថា៖ «ទីផ្សារជ្រូកថោក ចិញ្ចឹមខាត អត់មានចំណេញអីផង ចិញ្ចឹមទាល់ដើម បាត់ហើយ កសិករខ្លះលក់បាន៩៥០០រៀល កសិករខ្លះទៀតលក់បាន៩០០០រៀល ដោយសារចាល់ ជ្រូកលក់អត់ចេញផង។ មានអ្នកខ្លះរអ៊ូរកទីផ្សារមិនបានផង សម្រុកចិញ្ចឹមលក់ពេលភ្ជុំពេក ដូច្នេះកកស្ទះជ្រូក»។

កសិករ រូប នេះ បញ្ជាក់ថា តម្លៃត្រឹម៩០០០រៀលក្នុង១គីឡូក្រាម មិនអាចឱ្យកសិករទទួលបានប្រាក់ចំណេញពីមុខរបរចិញ្ចឹមជ្រូកនេះនោះទេ ព្រោះសព្វថ្ងៃវត្ថុដើម ឡើងថ្លៃទាំងអស់ ដូចជា អគ្គិសនី កម្លាំងពលកម្ម និងចំណីសត្វ ជាដើម។

លោកបន្ត៖ «នៅថ្នាំ នៅវ៉ាក់សាំង តម្លៃត្រឹមហ្នឹងកសិករបង្ខំចាប់លក់ហ្នឹង ទាំងគ្មានឈ្មួញចាប់លក់ផង។ រដូវនេះ កាលពីឆ្នាំមុន ដូចជាធ្លាក់តម្លៃដល់ថ្នាក់ហ្នឹងទេ ឆ្នាំមុនធ្លាក់តិចតួចមែន យើងមានឈ្មួញមកចាប់ច្រើន បែរជាឆ្នាំនេះលំបាកជាងឆ្នាំមុន។ មួលហេតុគ្មានអ្នកចាប់ ដោយសារតែជ្រូកសម្បូរគ្រាប់ទីកន្លែង ដូច្នេះឈ្មួញតែងតែបន្ទាបតម្លៃឱ្យថោក»។

បើតាមកសិករ លោក សួង វាសនា ទោះបីជាជ្រូករស់មានតម្លៃថោកក៏ដោយ ប៉ុន្តែតម្លៃសាច់ជ្រូកនៅតាមផ្សារមិនធ្លាក់ថ្លៃនោះ ដែលអាជីវករអាចរកប្រាក់ចំណេញចំនួន៧០ ទៅ៨០ដុល្លារក្នុង១ក្បាល។ ដូច្នេះអ្នកដែលនៅតែជួបបញ្ហាជាងគេ គឺកសិករ និងអ្នកបរិភោគ។
លោកថ្លែងដូច្នេះថា៖ «ចំណីថ្លៃ ជ្រូកលើជ្រុញថ្លៃ ហេតុអ្វីជ្រូករស់មិនថ្លៃ។ កសិករភាគច្រើននៅខេត្តកំពង់ឆ្នាំងនេះ គាត់មានកង្វល់ច្រើនទាក់ទងនឹងការចិញ្ចឹម ប្រសិនជាក្រសួងពាក់ព័ន្ធនៅតែបណ្តែតបណ្តោយ តម្លៃជ្រូកនៅតែប៉ុណ្ណឹងទៀត កសិករនឹងបោះបង់ការចិញ្ចឹម»។

លោកបញ្ជាក់ថា តម្លៃសមរម្យដែលកសិករអាចទទួលយកបាន គឺតម្លៃ៣ ដុល្លារក្នុង១គីឡូក្រាម ព្រោះពួកគាត់ត្រូវចិញ្ចឹមមើលថែឱ្យចំណីជ្រូករាល់ថ្ងៃ ទម្រាំបានចាប់លក់រយៈពេល៤ខែ ត្រូវការចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ និងចំណាយថវិកាច្រើនណាស់។
កន្លងមកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំយអ្នកចិញ្ចឹមជ្រូកងាកមកប្រើប្រាស់ថាមពលពន្លឺ ព្រះអាទិត្យ និងថាមពលអគ្គិសនី ដែល បម្លែង ពី លាមកជ្រូកមកប្រើប្រាស់ ដើម្បីកាត់បន្ថយថ្លៃដើម ផលិត និង រក្សាបានភាព ប្រកួតប្រជែង តម្លៃនៅលើទីផ្សារ ។

ដោយ ឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា មូលហេតុដែលនាំឱ្យជ្រូករស់ធ្លាក់ថ្លៃបែបនេះ ដោយសារអំឡុងពេល៤ ខែមុន កសិករបានសម្រុកទិញកូនជ្រូកពីរៀតណាមយកមកចិញ្ចឹមច្រើន ដែលធ្វើឱ្យលើសពីតម្រូវការ។
លោកថ្លែងដូច្នេះថា៖ «បញ្ហាធ្លាក់ថ្លៃនេះ គឺគ្មានអ្នកណាអាចជួយរួចនោះទេ ព្រោះកសិករគិតតែនាំចូលកូនជ្រូកពីវៀតណាមដែលមានតម្លៃថោក យកមកចិញ្ចឹម។ ចិញ្ចឹមច្រើនលើសលប់ពីតម្រូវការទីផ្សារ ដល់ពេលជ្រូកធំ ដណ្តើមគ្នាចាប់លក់ៗ មិនចេញ ដល់ពេលចឹងទៅឈ្មួញទិញគេឱ្យតម្លៃថោក»។

លោកបន្តថា ចំណែកបញ្ហាទាក់ទងនឹងតម្លៃជ្រូកនៅលើជ្រុញនៅតែថ្លៃ មានតែក្រសួងពាណិជ្ជកម្មប៉ុណ្ណោះដែលអាចបកស្រាយបាន។លោកថា អាជីវកម្មនៅតែបន្តលក់សាច់ជ្រូកតម្លៃ២៣០០០ ទៅ២៤០០០ ទោះបីជាសមាគមកំណត់ឱ្យលក់ត្រឹម២ម៉ឺនរៀលក្នុង១គីឡូក្រាមក៏ដោយ។

ជុំវិញបញ្ហានេះ សារព័ត៌មាន CPA បានទាក់ទងលោក លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប៉ុន្តែពុំមានការឆ្លើយតបនោះទេ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់ បានកើនឡើងដល់ ៩២ ភាគរយ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាង៩ ខែហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមវេង សាខុន៕
ដោយ: ហ្វីន ហ្រ្វីដា

ads banner