គណៈរដ្ឋមន្ត្រីថៃ ឯកភាពចំណាយថវិកាជាង ៤២.៦លានដុល្លារ ដើម្បីគ្រប់គ្រងទឹក
បាងកក៖ គណៈរដ្ឋមន្ត្រីថៃទើបបានអនុម័តការចំណាយកញ្ចប់ថវិកាកណ្តាល ចំនួន ១.៥៧ ពាន់លានបាត ឬ ជាង ៤២.៦លានដុល្លារអាមេរិក ដើម្បីបង្កើនសក្តានុពលគ្រប់គ្រងទឹក របស់ទីភ្នាក់ងាររាជរដ្ឋាភិបាល រហូតដល់ឆ្នាំក្រោយ។
ក្នុងចំណោមនេះ ថវិកា ៩១១.៧១លានបាតនឹងត្រូវបែងចែកទៅឱ្យក្រសួងចំនួនបី លើវិស័យ កសិកម្ម សហករណ៍ ធនធានធម្មជាតិ បរិស្ថាន និងក្រសួងមហាផ្ទៃដែរ ដើម្បីធ្វើការលើគម្រោងគ្រប់គ្រងទឹក។
លោក Anucha Burapachaisri អ្នកនាំពាក្យរាជរដ្ឋាភិបាលបាននិយាយថា “នៅពេលដែលគម្រោងនេះត្រូវបញ្ចប់ ប្រជាពលរដ្ឋប្រហែល ៥៤២ គ្រួសារនឹងទទួលបានអត្ថប្រយោជន៍ ខណៈដែលបរិមាណអាងស្តុកទឹកនឹងកើនឡើងប្រហែល ៣.៣២ លានម៉ែត្រគូប” ។
លោកបានបន្ថែមថា សក្ដានុពលនៃរចនាសម្ព័ន្ធធារាសាស្ត្រទឹកចំនួន ៩ នឹងត្រូវបានបង្កើន ក្រោមគម្រោងទាំងនោះ។ ថវិកាចំនួន ៦៦៣,៨៧ លានដុល្លារ នឹងត្រូវប្រគល់ទៅឱ្យនាយកដ្ឋានធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ម៉ាស៊ីនបូមទឹកចំនួន ២០៣គ្រឿង ក្នុងគោលបំណងជំរុញសក្តានុពលរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត ។
ក៏នឹងមានការប្រើប្រាស់ថវិកា ដើម្បីទិញម៉ាស៊ីនបូមទឹកដែលមានទំហំបំពង់យ៉ាងហោចណាស់ ៨ អ៊ីញ ,ទំហំបំពង់យ៉ាងហោចណាស់ ១០ អ៊ីញ និង ទំហំបំពង់យ៉ាងហោចណាស់ ១៤ អ៊ីញ។
ការិយាល័យថវិកាទើបបាននិយាយថា រាជរដ្ឋាភិបាលនៅតែមានប្រាក់ចំនួន ១០ ពាន់លានបាត នៅក្នុងថវិកាកណ្តាល ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងទឹក៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត


